រដ្ឋធានីវ៉ាស៊ីនតោន៖ អាជ្ញាធរសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២៧ ខែមិថុនា បានរកឃើញជនចំណាកស្រុក១៦នាក់ នៅរស់រានមានជីវិត ខណៈមនុស្ស យ៉ាងតិច៤៦នាក់ បានបាត់បង់ជីវិត នៅក្នុងរថយន្ដដឹកទំនិញដ៏វែងមួយគ្រឿង ស្ថិតនៅទីក្រុងសាន អេនតូនីញ៉ូ (San Antonio) រដ្ឋតិចសាស់។

សារព័ត៌មាន Ksat បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៧ ខែមិថុនា ថា បើតាមមន្រ្ដីប៉ូលិស និង ក្រុមពន្លត់អគ្គិភ័យទីក្រុងសានអេនតូនីញ៉ូ (San Antonio) បានឲ្យដឹងថា មនុស្សចំនួន៤៦នាក់ បានរកឃើញស្លាប់ នៅក្នុងរថយន្ដដឹកទំនិញ។ ដោយឡែកមនុស្ស ចំនួន១៦នាក់ផ្សេងទៀត នៅរស់រានមានជីវិត ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងតំបន់នេះដែរ។

លោក រ៉ុន នីរ៉ែនប៊ឺគ (Ron Nirenberg) ចៅហ្វាយក្រុង San Antonio បានថ្លែងថា «ទិដ្ឋភាពបែបនេះ ពិតជាដ៏គួរឲ្យរន្ធត់ខ្លាំងណាស់! ពួកគេមានគ្រួសារ…ហើយទំនងជាកំពុងតែព្យាយាមស្វែងរកជីវិតឲ្យល្អប្រសើរឡើង។ ប៉ុន្ដែត្រឹមតែរយៈពេលដ៏ខ្លី មិនទាំងមានអ្វីផង ក៏មកជួបនឹងសោកនាដកម្មដ៏គួរឲ្យរន្ធត់បែបនេះទៅវិញ»។

លោក រ៉ុន នីរ៉ែនប៊ឺគ (Ron Nirenberg) ចៅហ្វាយក្រុង San Antonio បានបញ្ជាក់ថា «យើងសង្ឃឹមថា អ្នកទទួលខុសត្រូវ នៅក្នុងការដាក់មនុស្សទាំងនេះ នៅក្នុងស្ថានភាពអមនុស្សធម៌បែបនេះ នឹងត្រូវតែកាត់ទោសឱ្យបានពេញលេញបំផុត តាមច្បាប់កំណត់»។

លោក វិល្លៀម មឺកម៉ែនូស (William McManus) ស្នងការប៉ូលិសទីក្រុង San Antonio បានបញ្ជាក់ថា មន្រ្ដីប៉ូលិស បានទទួលការហៅ១០នាទី មុនវេលាម៉ោង៦ល្ងាច ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឲ្យមកកាន់ប្លុក ៩៦០០ នៃផ្លូវឃ្វីនតាណា (Quintana) ខណៈមានមនុស្សម្នាក់ធ្វើការ នៅជិតនោះ បានឮសំឡេងយំ សុំឲ្យជំនួយ។ ភ្លាមៗនោះ អ្នកធ្វើការម្នាក់នោះ បានចូលទៅមើល ឃើញសាកសពរបស់មនុស្សជាច្រើន នៅក្នុងរថយន្ដកង់១៨ ដោយមានទ្វារមួយចំហៀងរបើក។

ទោះជាយ៉ាងណា ភ្លាមៗនោះ មន្រ្ដីប៉ូលិសទីក្រុង San Antonio មិនបញ្ជាក់ ថាតើជនរងគ្រោះ ជាជនចំណាកស្រុក ឬពួកគេមកពីប្រទេសណានោះឡើយ។ ប៉ុន្ដែមន្រ្ដីពន្លត់អគ្គិភ័យ បានប៉ាន់ស្មានថា ជនរងគ្រោះអាចស្លាប់ ដោយសារការថប់ដង្ហើម នៅក្នុងរថយន្ដនោះ។

ដោយឡែកសារព័ត៌មាន BBC បានផ្សាយថា លោក អាឡេហ្សង់ដ្រូ ម៉ាយ៉ូកាស (Alejandro Mayorkas) រដ្ឋមន្រ្ដីក្រសួងសន្ដិសុខមាតុភូមិសហរដ្ឋអាមេរិក ដែលគ្រប់គ្រងការស៊ើបអង្កេតនេះ បានអះអាងថា «អ្នករត់ពន្ធមនុស្ស គឺជាបុគ្គលអាក្រក់ មិនបានយកចិត្តទុកដាក់ ចំពោះជនងាយរងគ្រោះ។ ពួកគេបានកេងប្រវ័ញ្ច និង បង្កគ្រោះថ្នាក់ដល់ជនរងគ្រោះ ហើយគិតតែរកប្រាក់ចំណេញប៉ុណ្ណោះ»៕