ទីក្រុងប៊្រុសសែលស៍ (Brussels) ៖ ស្របពេលសង្គ្រាមវាយប្រយុទ្ធគ្នា កំពុងតែបន្ដផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ នៅតំបន់អឺរ៉ុបខាងកើតនោះ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (តាមភាសាអង់គ្លេស ឬអូតង់ តាមភាសាបារាំង) ក៏បានប្រកាស អំពីផែនការបង្កើនកម្លាំងទ័ពរបស់ខ្លួនយ៉ាងច្រើន ឲ្យត្រៀមរួចជាស្រេច រហូតដល់ជាង៣សែននាក់។

សារព័ត៌មាន France 24 បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៧ ខែមិថុនា ថា លោកអគ្គលេខាធិការ អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លាបំផុតរបស់ពិភពលោក បានអះអាង កាលពីថ្ងៃចន្ទ ថា អង្គការណាតូ នឹងបង្កើនកម្លាំង សម្រាប់កម្លាំងប្រតិកម្មរហ័សរបស់ខ្លួន រហូតដល់ជាង ៣០០ ០០០នាក់។ កម្លាំងទ័ពនេះ បានកើនឡើងជិត៨ដង ហើយវាក៏ជាផ្នែកមួយ សម្រាប់ការឆ្លើយតបយ៉ាងលឿន ចំពោះ «យុគសម័យ នៃការប្រកួតប្រជែង ជាយុទ្ធសាស្ត្រនេះ»។

បច្ចុប្បន្ន កម្លាំងប្រតិកម្មរបស់អង្គការណា មានប្រហែល ៤០ ០០នាក់ អាចដាក់ពង្រាយយ៉ាងរហ័ស ខណៈមានតម្រូវការចាំបាច់។

លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jans Stoltenberg) អគ្គលេខាធិការ អង្គការណាតូ បានបញ្ជាក់ថា វិធានការនេះ ជាផ្នែកមួយ នៃ«ការរុះរើផ្នែកការពារ និង ការទប់ស្កាត់ដ៏ធំបំផុត ចាប់តាំងពីសង្រ្គាមត្រជាក់បានផុតរលត់មក»។ គួបផ្សំនឹងវិធានការផ្សេងៗទៀត រួមទាំងការដាក់ពង្រាយកងកម្លាំង ដើម្បីការពារសម្ពន្ធមិត្តឲ្យជាក់លាក់ថែមទៀតផង។

លោកអគ្គលេខាធិការ អង្គការណាតូ បានអត្ថាធិប្បាយ គួរឲ្យកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ មុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅចុងសប្តាហ៍នេះ ស្ថិតក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ខណៈប្រទេស ជាសម្ពន្ធមិត្តទាំង៣០ ត្រូវរំពឹងថាចូលរួម ដោយនឹងយល់ព្រម លើការគាំទ្របន្ថែមទៀត ជួយដល់ប្រទេសអ៊ុយក្រែន នៅក្នុងសង្គ្រាម ប្រឆាំងនឹងរុស្ស៊ី។

លោកអគ្គលេខាធិការ អង្គការណាតូ បានសង្កត់ធ្ងន់ ថា គាត់រំពឹងថា ប្រទេសជាសម្ពន្ធមិត្ត នឹងប្រាកដថា «ពួកគេនឹងពិចារណាយ៉ាងច្បាស់ លើរុស្ស៊ី ជាការគំរាមកំហែងដ៏ខ្លាំងក្លាបំផុត និង ដោយផ្ទាល់ ដល់សន្ដិសុខរបស់យើង»។

លោក Stoltenberg បានបន្ថែមថា នៅក្នុងគំនិតយុទ្ធសាស្ត្រថ្មីរបស់អង្គការណាតូ សម្ពន្ធមិត្ត ក៏ត្រូវរំពឹងថា នឹងដោះស្រាយ ជាលើកដំបូងនូវបញ្ហាប្រឈមផ្នែកសន្តិសុខ បង្កឡើងដោយប្រទេសចិន។ គាត់បានលើកឡើងទៀតថា នៅទីក្រុងម៉ាឌ្រីដ សម្ពន្ធមិត្តនឹងពិភាក្សា អំពីរបៀបឆ្លើយតប ទៅនឹងឥទ្ធិពល ដែលកំពុងកើនឡើងរបស់រុស្ស៊ី និង ចិន នៅប្រទេសជិតខាង ភាគខាងត្បូង» របស់ពួកគេ។

ជាមួយគ្នានេះ លោក Stoltenberg ក៏បានសង្កត់ធ្ងន់ថា សម្ពន្ធមិត្តនឹងយល់ព្រមផ្តល់នូវការគាំទ្រផ្នែកយោធាបន្ថែមទៀត ជួយដល់អ៊ុយក្រែន ខណៈពួកគេកោះប្រជុំ នៅក្នុងប្រទេសអេស្ប៉ាញ ដោយសមាជិកណាតូ បានកំណត់ ដើម្បីអនុម័ត «កញ្ចប់ជំនួយយ៉ាងធំ» រួមទាំងការចែករំលែកប្រព័ន្ធទំនាក់ទំនងសុវត្ថិភាព និង ប្រព័ន្ធប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកបរ ឬដ្រូន។ ទន្ទឹមគ្នានេះ សម្ពន្ធមិត្ត ក៏អាចផ្ទេរគ្រឿងចម្បាំង សល់ពីសម័យសហភាពសូវៀត ទៅឲ្យអ៊ុយក្រែន ដើម្បីធ្វើឲ្យអង្គការណាតូ មានគ្រឿងសឹក សុទ្ធតែទំនើបៗ៕