រដ្ឋធានីគៀវ៖ កម្លាំងទាហានរុស្ស៊ី បានបាញ់ផ្លោងគ្រាប់មីស៊ីល ធ្លាក់ចំមជ្ឈមណ្ឌលផ្សារទំនើប នៃទីក្រុងក្រែម៉ែនឈូក (Kremenchuk) ខេត្តប៉ូលតាវ៉ា (Poltava) ប្រទេសអ៊ុយក្រែន បណ្ដាលឲ្យ ចំនួនអ្នកស្លាប់កើនឡើងដល់ ១៦នាក់ និង រងរបួសយ៉ាងតិច ៥៩នាក់។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៨ ខែមិថុនា ថា មានមនុស្សយ៉ាងតិច ១៦នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារ ដោយមីស៊ីល ទៅលើមជ្ឈមណ្ឌលផ្សារទំនើប ស្ថិតក្នុងទីក្រុង Kremenchuk ដែលមានចម្ងាយ១៣០គីឡូម៉ែត្រ ពីតំបន់របស់រុស្ស៊ី កាន់កាប់។Russian missile strike hits crowded shopping mall in Ukraine - The Boston  Globe

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា មានជនស៊ីវិល ប្រហែល ១០០០នាក់ កំពុងតែស្ថិតក្នុងផ្សារទំនើបនោះ ខណៈមានការវាយប្រហារ កាលពីវេលាម៉ោង៣ និង ៥០នាទីរសៀល (វេលានៅក្នុងតំបន់)។

ដោយឡែក មេដឹកនាំ នៃបណ្ដាប្រទេសអ្នកមានបំផុត នៅលើពិភពលោក ហៅកាត់ G7 ដែលកំពុងតែជួបប្រជុំគ្នា នៅក្នុងប្រទេសអាល្លឺម៉ង់ បានថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារនោះ។ ជាមួយគ្នានេះដែរ មេដឹកនាំ G7 បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នា ថា «ការវាយប្រហារ ដោយមិនរើសអើង ទៅលើជនស៊ីវិលស្លូតត្រង់ គឺជាឧក្រិដ្ឋកម្មសង្គ្រាម»។Eleven killed in Russian missile strike on Ukraine shopping mall | Russia-Ukraine  war News | Al Jazeera

រុស្ស៊ី បានរងនូវការស្ដីបន្ទោសយ៉ាងខ្លាំង ជុំវិញការវាយប្រហារទៅលើផ្សារទំនើបនេះ បណ្ដាលឲ្យមានមនុស្សយ៉ាងតិច ៥៩នាក់ រងរបួស ហើយក៏មានការព្រួយបារម្ភ អំពីចំនួនអ្នកស្លាប់ អាចនឹងកើនឡើងបន្ថែមទៀត។ ចំណែកការវាយប្រហារនេះ បានកើតឡើង ចំពេលមេដឹកនាំ កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស កំពុងតែជួបប្រជុំ នៅកិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយផ្ដោតលើបញ្ហាយ៉ាងសំខាន់ដល់ការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី៕