ខេត្តបាត់ដំបង៖ មន្ត្រីអគ្គិសនីខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះថា អត្តឃាតជន មានឈ្មោះ ស៊ាន សារឿង មានតួនាទីជាមន្ត្រីប្រចាំការ នៅចំណុចចែកចាយ បណ្តាញភ្លើងអន្លុងរុន ចុងក្រោយ ក៏ត្រូវប្រធានការិយាល័យ សម្រេចប្តូរទៅបំពេញការងារ នៅខេត្តប៉ៃលិន ជាប្រធានការិយាល័យវិញ ចន្លោះពេលដែលទើបទទួលការងារថ្មីនេះ មិនដឹងថា មូលហេតុអ្វី ក៏ស្រាប់តែមន្ត្រីម្នាក់នេះ បានធ្វើអត្តឃាតខ្លួនឯង ដោយប្រើប្រាស់ខ្សែភ្លើងស្រាតចងកដៃ កជើង របស់ខ្លួន ហើយបើកបារ៉ែតភ្លើង បណ្តាលឲ្យឆក់ឆេះខ្លោចស្លាប់យ៉ាងអណោចអាធ័ម។

អ្នកស្រី វង្ស ភ័ក្ត្រា ជាប្រពន្ធរបស់អត្តឃាតជន បានបញ្ជាក់ តាមបណ្តាញហ្វេសប៊ុករបស់ខ្លួន ឲ្យដឹងថា ប្តីរបស់អ្នកស្រី មានឈ្មោះ ស៊ាន សាវឿង ជាបុគ្គលិកអគ្គិសនី ខេត្តបាត់ដំបង ប្រចាំទីស្នាក់ការបណ្តាញអគ្គិសនី ( GS ) ក្នុងភូមិអន្លុងរុន ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប្តីរបស់អ្នកស្រី បានធ្វើអត្តឃាត បញ្ចប់ជីវិតខ្លួនឯង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ទីស្នាក់ការចែកចាយ បណ្តាញអគ្គិសនី ក្នុងខេត្តប៉ៃលិន។
ក្នុងការបញ្ចប់ជីវិតខ្លួនឯង ដោយគ្រោងទុកមុននេះ ប្តីរបស់អ្នកស្រី បានសរសេរបង្ហោះ ក្នុងបណ្តាញហ្វេសប៊ុក ដោយបញ្ជាក់ថាៈ ” ការធ្វើអត្តឃាតនេះ សូមផ្ញើដល់ថ្នាក់ដឹកនាំ ទុកសម្រាប់ជាមេរៀន ហេតុដូចម្តេចបានជាផ្ទេរទីតាំងការងាររបស់បុគ្គលិក ពីទីតាំងនៅនឹង ស្រុកកំណើតខេត្តបាត់ដំបង ទៅឯខេត្តប៉ៃលិន ឆ្ងាយផ្ទះ ឆ្ងាយប្រពន្ធ និងឳពុកម្តាយ ទាំងម្ចាស់សាម៉ីខ្លួនមិនចង់ទៅសូមថ្នាក់ដឹកនាំពិចារណាឡើងវិញ ” ។

អ្នកស្រី បានបន្តថា​ ការស្លាប់របស់ប្តីអ្នកស្រី ក៏បានបន្សល់ទុកនូវលិខិតបណ្តាំបែងចែកកេរ្ត៍ ព្រមទាំងប្រាក់ដែលមានចំនួន៣០លានរៀលផងដែរ ក្នុងនោះទី១- ម៉ូតូហុងដា ឌ្រីម សេរី២០២១ និងដី ២ឡូត៍ ទុកសម្រាប់ចែកដល់ប្រពន្ធ, ទី២- ម៉ូតូហុងដា Wave ចែកឲ្យអាឡយ កូនចែវៀង, ទី៣- ដីស្រែជូនម៉ែយាយវិញចុះ, ដោយឡែក ទី៤- លុយនៅក្នុងកុងធនាគារ ចំនួន ៣០ លានរៀល បែងចែកជា ៣ ចំណែក ក្នុងនោះ ចំនួន ២០ លាន ទុកចិញ្ចឹមពុក និងម៉ែយាយ ជាការសងគុណ និង ១០ លានរៀលទៀត ទុកសម្រាប់ផ្គត់ផ្គង់ ការរៀនសូត្រ របស់ប្រពន្ធ ឲ្យបានចប់ និងលុយក្នុងកុងធនាគារ មួយចំនួនទៀត ទុកធ្វើបុណ្យសពគាត់ (អត្តឃាតជន)​ ៕