ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូន សាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងទៅនេះ បានកត់សម្គាល់ឃើញថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ An Nich បានបង្ហោះខ្លឹមសារនិងរូបភាពពីការផ្សព្វផ្សាយលក់ផលិតផលបារីអេឡិចត្រូនិកអេចឈ៍ ធី ភី(HTPs)ដែល បញ្ហានេះបានធ្វើឱ្យមហាជនទូទៅ ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមលើកឡើងនូវមតិយោបល់រិះគន់ចំពោះសកម្មភាពខាងលើ ថាបាននាំពង្វក់ដល់ស្មារតីរបស់យុវជន។

បានឃើញសកម្មភាពបែបនេះ លោកឧត្តមសេ នី យ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន ដែលមានលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ជា ស្នងការងទទួលផែន ធ្វើការស្រាវជ្រាវចំពោះបញ្ហានេះ។

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀនបានស្វែងរកឃើញម្ចាស់គណនីខាងលើហើយបាននាំមកធ្វើការសាកសួរបំភ្លឺចំពោះការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនកន្លងមក។

ក្នុងនោះសមត្ថកិច្ចបានរកឃើញ៖
-ក្បាលបឺតបារីអេឡិចត្រូនិក(Vab)ចំនួន០៤ដើម (០២ប្រអប់)
-ទឹកសម្រាប់បញ្ជូលទៅក្នុងបារីអេឡិចត្រូនិក(ទឹកVab)ចំនួន០៤ដប
ក្រោយបញ្ចប់ការសាកសួរនិងស្របតាមអនុសាសន៍របស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលបានធ្វើកិច្ចសន្យាជាមួយម្ចាស់គណនីខាងលើ ដោយឱ្យគាត់បញ្ឈប់នូវសកម្មភាពដូចពេលកន្លងមក(ដោយដករក្សាទុកសម្ភារៈខាងលើ)រួចអនុញ្ញាតឱ្យគាត់វិលទៅលំនៅដ្ឋានវិញត្បិតករណីនេះមិនទាន់មានអំពើល្មើសច្បាប់ព្រហ្មទណ្ឌដែលនាំទៅដល់ការអនុវត្តទោសបាននៅឡើយទេ។

ទោះបីជាបែបនេះក្តីក្នុងនាមសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តនិងការចូលរួមសហការផ្តល់ព័ត៌មាន មកសមត្ថកិច្ចនគរបាល ដែលមតិយោបល់ឬព័ត៌មានដែលមហាជនបានផ្តល់ជូនមកនោះ សមត្ថកិច្ចនគរបាលពុំបានព្រងើយកន្តើយឬមិនយកចិត្តទុកដាក់អនុវត្តនោះទេ។

ជាមួយនេះក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេស ប្អូនៗជាយុវវ័យ សូមកុំប្រើប្រាស់នូវប្រភេទបារីអេឡិចត្រូនិក ទាំងនេះព្រោះវាបានបង្កឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរឬរហូតបាត់បង់ជីវិតទៀតផង។ អាស្រ័យហេតុដូចបានជម្របជូនខាងលើសូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តា ជ្រាបនិងសូមបន្តចូលរួមសហការជាមួយសមត្ថកិច្ចជាបន្តទៀតដោយភាតរភាពបំផុត សូមអរគុណ ៕