រាជធានីឡុងដ៍៖ ស្របពេលសង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅក្នុងរយៈពេលជាង៤ខែកន្លងមកនេះ ក៏មានសេចក្ដីរាយការណ៍ថ្មី ពីក្រសួងការពារជាតិរបស់ចក្រអង់គ្លេស អំពីការរង្គោះរង្គើយ៉ាងខ្លាំង នៅក្នុងចំណោមមេទ័ពកំពូលៗរបស់រុស្ស៊ី។

សារព័ត៌មាន The Guardian បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ថា ក្រសួងការពារជាតិ ចក្រភពអង់គ្លេស បានអះអាងថា មានការរង្គោះរង្គើយ៉ាងខ្លាំង នៅក្នុងជួរមេបញ្ជាការកំពូលរបស់កងទ័ពរុស្ស៊ី ចាប់តាំងពីខែមិថុនា មក ដែលនាំឲ្យមានការដកហូតតំណែងលោកឧត្ដមសេនីយ៍ឯក អេនដ្រេ ស៊ឺដយូកូវ (Gen-Col Andrei Serdyukov) មេបញ្ជាការកងទ័ពអាកាស និង លោកឧត្ដមសេនីយ៍ អាឡិក្សេនដឺ ឌីវ័រនីកូវ (Alexandr Dvornikov) មេបញ្ជាការក្រុមទ័ពខាងត្បូង។

បើតាមបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការពារជាតិអង់គ្លេស បានបន្ថែមថា ចាប់តាំងពីដើមខែមិថុនា មក មេបញ្ជាការជាន់ខ្ពស់របស់រុស្ស៊ី ទំនងជាបានដកឧត្តមសេនីយ៍មួយចំនួន ចេញពីតួនាទីបញ្ជាការប្រតិបត្តិការសំខាន់ៗ នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន។ ចំណែកបញ្ជាការដ្ឋាន នៃក្រុមទាហានភាគខាងត្បូង ហៅកាត់ SGF ទំនងជាផ្ទេរ ទៅឲ្យលោកឧត្ដមសេនីយ៍ឯក ស៊ើជេ ស៊ូរ៉ូវីគីន (Sergei Surovikin) ចំពេល SGF បន្តធ្វើជាមជ្ឈមណ្ឌល នៃការវាយលុករបស់រុស្ស៊ី នៅក្នុងតំបន់ដុនបាស (Donbas)។ នៅក្នុងតួនាទីជាមេបញ្ជាការរបស់លោក Surovikin អស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ក៏បានរងនូវការចោទប្រកាន់ ពីបទពុករលួយ និង អំពើឃោរឃៅ ផងដែរ។

ដោយឡែក លោកឧត្ដមសេនីយ៍ អាឡិក្សេនដឺ ឌីវ័រនីកូវ (Alexandr Dvornikov) មានពេលខ្លះ ក៏ដើរតួនាទីជាមេបញ្ជាការ គ្រប់គ្រងនៅក្នុងប្រតិបត្ដិការទាំងអស់ថែមទៀតផង៕