ប្រទេសចិន៖ កាលពីថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០២២ កន្លងទៅនេះមានសេចក្ដីរាយការណ៍បានឱ្យដឹងថា មហាសេដ្ឋីនៅក្នុងប្រទេសចិនម្នាក់បាន ចំណាយទឹកប្រាក់រាប់លានដុល្លារក្នុងការសាងសង់ផ្ទះឱ្យអ្នកភូមិចំនួន៣០០ខ្នងដោយមិនគិតប្រាក់។

ទាក់ទងនឹងរឿងរ៉ាវខាងលើនេះពិតជាបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ​ក្រោយពីមានការចុះផ្សាយពីបុរសជនជាតិចិនម្នាក់ឈ្មោះថា Chen Sheng មានវ័យ៥៤ លោកគឺជាមហាសេដ្ឋីមានប្រាក់ពាន់លានដុល្លារ ​និងជាម្ចាស់ក្រុមហ៊ុន ផលិតភេសជ្ជៈ ដ៏ធំមួយក្នុងប្រទេសចិន។ ​ក្នុងនោះលោក Chen Sheng ក៏មានប្រវត្តិកើតក្នុងគ្រួសារអ្នក្រីក្រ នៅក្នុងទីក្រុង Guanhu ខេត្តក្វាងទុង នៃប្រទេសចិន។

លុះលោកធំដឹងក្ដីក៏បានខិតខំរកស៊ីរហូតទទួលបាននូវភាពជោគជ័យក្នុងជីវិត និងបានក្លាយជាមហាសេដ្ឋីមានមុខមានមាត់ ព្រមទាំងប្រាក់ពាន់លានដុល្លារនៅក្នុងដៃ ទើបលោក បានសម្រេចចិត្តចង់ត្រឡប់ទៅកាន់ភូមិកំណើតរបស់ខ្លួនវិញ ព្រមទាំងមានគម្រោងចង់បង្កើតភូមិដែលខ្លួនធ្លាប់រស់នៅមានសភាពក្រីក្រកាលពីមុននោះឱ្យក្លាយ ជាភូមិប្រណិត ទើបលោក Chen Sheng បានសម្រេចសាងសង់ផ្ទះថ្មជូនអ្នកភូមិ ចំនួន ២៥៨ ខ្នង ដែលត្រូវចំណាយទឹកប្រាក់ចំនួនប្រហែល ២៩លានដុល្លារ ដើម្បីសាងសង់ជូនអ្នកភូមិ។ ដោយផ្ទះនីមួយៗមានបន្ទប់គេង៥ បន្ទប់ទទួលភ្ញៀវ២ និងគ្រឿងបរិក្ខារពេញលេញ។

លើសពីនេះលោក Chen Sheng ក៏បានផ្តល់ការងារដល់ប្រជាពលរដ្ឋរហូតជាង១០០ការងារ ដូចជានៅក្នុងចំការ lychee ឬក្នុងកសិដ្ឋានចិញ្ចឹមជ្រូកជាដើម ហើយអ្នកភូមិម្នាក់ៗមានថវិកាសម្រាប់ប្រើប្រាស់ និងផ្គត់ផ្គង់គ្រួសារយ៉ាងពេញលេញ  ព្រោះការជួយមិនមែនគ្រាន់តែផ្តល់របស់នោះទេ ប៉ុន្តែវាគួរតែលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនផងដែរ ហើយគម្រោងភូមិប្រណិតរបស់លោក Chen Sheng ត្រូវបានបញ្ចប់កាលពីឆ្នាំ២០១៧។

យ៉ាងណាមិញ រហូតមកទល់ពេលបច្ចុប្បន្ននេះ ត្រូវការអ្នកភូមិក៏បានកើនឡើង ដោយទាមទារឱ្យលោកសង់ផ្ទះឱ្យពួកគេបន្ថែម ព្រោះតែកូនមានគ្រួសារ ត្រូវបែកផ្ទះ លើសពីនេះពួកគេថែមទាំងបានទាមទារឱ្យលោកជួយសូម្បីតែរឿងរៀបការ ដែលការចង់បាននូវតម្រូវការបែបនេះលោក Chen Sheng ពិតជាមានការខកចិត្តជាខ្លាំងចំពោះអ្នកភូមិ។ ប៉ុន្តែបញ្ហានេះលោកនឹងព្យាយាមពន្យល់ និងដោះស្រាយឱ្យបានសមស្របទៅកាន់ប្រជាជនទាំងអស់នោះ៕ ប្រភព៖Turenews