រាជធានីកង់បេរ៉ា៖ ស្របពេលសង្គ្រាមកំពុងតែវាយប្រយុទ្ធគ្នាយ៉ាងសាហាវ គ្មានពេលស្រាកស្រាន្ដ រវាងកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន និង ទាហានឈ្លានពានរបស់រុស្ស៊ី នោះ អូស្រ្ដាលី បានបន្ដបញ្ជូនរថចម្បាំង ជាច្រើនគ្រឿង ទៅជួយដល់ក្រុងគៀវ។

សារព័ត៌មាន The Defense Post បានផ្សាយថា បើតាមក្រសួងការពារជាតិរបស់អូស្រ្ដាលី បានប្រកាសថា រថចម្បាំងជាច្រើនគ្រឿង ត្រូវបានដឹកជញ្ជូន តាមយន្ដហោះអេនតូនូវ AN-124 (Antonov AN-124) របស់អ៊ុយក្រែន ចេញពីមូលដ្ឋានកងទ័ពអាកាសភូមិន្ទអូស្រ្ដាលី អាមប៊ឺឡេ (Royal Australian Amberley)។

រដ្ឋាភិបាលក្រុងកង់បេរ៉ា បានសម្រេចចិត្តផ្ដល់នូវកញ្ចប់ជំនួយយោធា មានទំហំទឹកប្រាក់ ជាង២៨៥លានដុល្លារអូស្រ្ដាលី ឬស្មើនឹង១៩៨,៦ដុល្លារសហរដ្ឋអាមេរិក។ កញ្ចប់ជំនួយទាំងនេះ ក៏រាប់បញ្ចូលទាំងរថចម្បាំងប៊ូសម៉ាស្ទ័រ (Bushmaster) កាំភ្លើងផ្លោងហូវីតហ្សើរ ប្រភេទ M777, មីស៊ីលប្រឆាំងនឹងរថពាសដែក, គ្រាប់រំសេវ និង ឧបករណ៍យោធា ជាច្រើនទៀត។

បើតាមលោក អេថូនី អាល់បាណេស (Anthony Albanese) នាយករដ្ឋមន្រ្ដីអូស្រ្ដាលី បានឲ្យដឹងថា ការដឹកជញ្ជូនគ្រឿងយុទ្ធោបករណ៍នេះ គឺឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន សុំជំនួយរថចម្បាំងបន្ថែមទៀត សម្រាប់ជួយដល់ការតស៊ូរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ប្រឆាំងទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ហើយក៏ជាបង្ហាញ អំពីការប្តេជ្ញាចិត្ត ប្រកបដោយនិរន្តរភាពរបស់អូស្ត្រាលី សម្រាប់ប្រជាជនអ៊ុយក្រែន ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbIQN3_wIGZP99m3480Jifm9UuD6XWwue_2mh3lVIN9oryuu4vsVTy7yVF7n786adGTRbQp4GQtMajlbT4klaw-3_Y_vpwPQIo8BEOEErXfK0-R7I32pw2j_gMtzXeNMJMmPjN6sqcVW3m_tOBggsBudCetQzVWxr7ALaghb1fB6ITA9UvnWXfSiIz/s1280/photo_2022-06-25_10-34-26.jpg