ភ្នំពេញ៖ តំបន់ទន្លេបាទី ត្រូវបានបែងចែកជា២ចំណែក ដោយ១ចំណែក ត្រូវរក្សាទុកជារបស់រដ្ឋ និង១ចំណែកទៀត សម្រាប់ឲ្យឯកជនអភិវឌ្ឍ។ នេះបើផ្អែកលើអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ដែលបានចេញតាំងពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ តែទើបនឹងត្រូវបានផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន នាអំឡុងខែមិថុនា ឆ្នាំ២០២២នេះ។

យោងតាមអនុក្រឹត្យ ផ្ទៃបឹងទន្លេបាទីទំហំជាង៩៧ហិកតា ត្រូវបានកំណត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ផ្ទៃបឹងទន្លេបាទីជាង៩៧ហិកតានេះ ស្ថិតក្នុងភូមិសាស្រ្តចំនួន២ គឺ ជាង៥៧ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកបាទី ខេត្តកែវ ហើយជាង៣៩ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ចំណែកផ្ទៃដីទំហំជាង២២២ហិកតា ដែលនៅសល់ពីផ្ទៃបឹងទន្លេបាទីទំហំជាង៩៧ហិកតា ត្រូវបានធ្វើអនុបយោគពីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋ។ នេះបើតាមអនុក្រឹត្យដដែល។ ក្នុងចំណោមផ្ទៃដីជាង២២២ហិកតានេះ ជាង១១៦ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកបាទី ខេត្តតាកែវ រីឯជាង១០៦ហិកតាទៀត ស្ថិតក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

អនុក្រឹត្យខាងលើ ពុំបានបញ្ជាក់ឡើយថា ផ្ទៃដីជាង២២២ហិកតា ដែលត្រូវបានធ្វើអនុបយោគមកជាសម្បត្តិឯកជនរបស់រដ្ឋ ត្រូវប្រគល់ឲ្យអ្នកណា ឬទុកធ្វើអ្វី។ ប៉ុន្តែផែនទីអំពីតំបន់ទន្លេបាទី ដែលភ្ជាប់ជាមួយអនុក្រឹត្យនេះ បង្ហាញថា ផ្ទៃដីជាង២២២ហិកតានេះ ត្រូវបានស្នើសុំដោយបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ សម្រាប់ការអភិវឌ្ឍ។ ប្រមុខរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការបែងចែកតំបន់ទន្លេបាទីជា២ចំណែកនេះ តាមសំណើរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលមានលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជារដ្ឋមន្រ្តី។

សម្បត្តិរបស់រដ្ឋ មាន២ប្រភេទ គឺសម្បត្តិសាធារណៈរបស់រដ្ឋ និងសម្បត្តិឯកជនរបស់រដ្ឋ។ ការធ្វើអនុបយោគ មានន័យថា ជាការបំលែងសម្បត្តិសាធារណៈរបស់រដ្ឋ ឲ្យក្លាយទៅជាសម្បត្តិឯកជនរបស់រដ្ឋ។ យោងតាមច្បាប់ រដ្ឋាភិបាល ឬអ្នកណាក៏ដោយ មិនអាចយកសម្បត្តិសាធារណៈរបស់រដ្ឋ ទៅដោះដូរ ឬប្រគល់ឲ្យបុគ្គលណាបានឡើយ តែចំពោះសម្បត្តិឯកជនរបស់រដ្ឋ រដ្ឋាភិបាល អាចដោះដូរ ឬប្រគល់ឲ្យបុគ្គលណាម្នាក់បាន។ ហេតុដូច្នេះហើយ ដើម្បីអាចយកសម្បត្តិសាធារណៈរបស់រដ្ឋ ប្រគល់ទៅឲ្យបុគ្គលណាម្នាក់ ឬក្រុមហ៊ុនណាមួយ រដ្ឋាភិបាល ចាំបាច់ត្រូវធ្វើអនុបយោគសម្បត្តិសាធារណៈរបស់រដ្ឋ ឲ្យទៅជាសម្បត្តិឯកជនរបស់រដ្ឋជាមុនសិន​ ៕