ប្រទេសថៃ៖ ប្រទេសថៃបានប្រកាសដាស់តឿនដល់ប្រជាជនដែលធ្វើដំណើរទៅក្រៅប្រទេស សូមពិនិត្យមើលបទប្បញ្ញត្តិ “កញ្ឆា” របស់ប្រទេសដែលជាគោលដៅខ្លួនចង់ទៅ សូមមានការប្រុងប្រយ័ត្នកុំយកកញ្ឆានាំទៅក្រៅប្រទេស ព្រោះអ្នកនឹងទទួលទោសទៅតាមផ្លូវច្បាប់របស់ប្រទេសគេ ដោយសារមានប្រទេសជាច្រើនដែលចាប់ទុកថាកញ្ឆាជារុក្ខជាតិខុសច្បាប់ និងត្រូវបានហាមឃាតមិនឱ្យប្រើប្រាស់។ ជាក់ស្ដែងដូចជាប្រទេសវៀតណាម និងឥណ្ឌូនេស៊ីបានហាមឃាតប្រជាជនថៃទាក់ទងនឹងកញ្ឆានេះផងដែរ ។

ទាក់ទងនឹងបញ្ហាខាងលើនេះនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ លោកស្រី Traisuli Traisoranakul អ្នកនាំពាក្យរងទីស្តីការនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា យោងតាមសេចក្តីប្រកាស ក្រសួងសាធារណៈការបានដាក់កញ្ឆាជារុក្ខជាតិស្របច្បាប់ក្នុងប្រទេសថៃចាប់ពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២២ តទៅ។ ប៉ុន្តែឥទ្ធិពលផ្លូវច្បាប់នេះមានប្រសិទ្ធភាពតែនៅក្នុងប្រទេសថៃប៉ុណ្ណោះ។

ជាមួយគ្នានេះលោកស្រី Traisuli Traisoranakul ចង់រំលឹកអ្នកដែលប្រើផលិតផល ឬ ថ្នាំដែលមានផ្ទុកសារធាតុកញ្ឆា ក៏ដូចជាផ្នែកខ្លះនៃកញ្ឆា អ្នកចង់ធ្វើដំណើរទៅក្រៅប្រទេសគឺត្រូវតែស្ថិតនៅក្រោមការត្រួតពិនិត្យមើលបទប្បញ្ញត្តិ “កញ្ឆា” របស់ប្រទេសដែលជាគោលដៅសម្រាប់តម្រូវការលម្អិត ការអនុញ្ញាត និងការហាមឃាត់ផ្សេងៗរបស់ប្រទេសគេ។ ប្រសិនបើអ្នកមិនប្រាកដ អ្នកមិនគួរយកផលិតផលដែលមានសារធាតុផ្សំពីកញ្ឆា ឬផ្នែកណាមួយនៃកញ្ឆា ធ្វើដំណើរទៅក្រៅប្រទេសនោះទេ ព្រោះប្រទេសជាច្រើន បានចាប់ទុកកញ្ឆានៅតែជាគ្រឿងញៀន និងមានការពិន័យយ៉ាងធ្ងន់ធ្ងរ។

លើសពីនេះលោកស្រី Traisuli Traisoranakul បានបន្តថាថ្មីៗនេះស្ថានទូត ថៃប្រចាំនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និងស្ថានទូតថៃប្រចាំនៅទីក្រុងហូជីមិញប្រទេសវៀតណាម បានចេញសេចក្តីប្រកាសតាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតទាំងពីរ ដោយបានព្រមានប្រជាជនថៃកុំឲ្យនាំយកកញ្ឆា ឬផលិតផលដែលមានផ្ទុកសារធាតុរុក្ខជាតិនោះ ចូលមកក្នុងប្រទេសទាំងពីរនេះ ប្រសិនបើអ្នកណាហានបំពានអាចនឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារ ឬទោសប្រហារជីវិតផងដែរ។

យ៉ាងណាមិញរដ្ឋាភិបាលគាំទ្រការប្រើប្រាស់កញ្ឆា ជាឱសថ និងអត្ថប្រយោជន៍សេដ្ឋកិច្ចតែប៉ុណ្ណោះ មិនគាំទ្រការឱ្យប្រើប្រាស់កម្សាន្ត ជក់ ឬផឹកនោះទេ រហូតឥឡូវនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសដើម្បីទប់ស្កាត់ការហាមលក់ឲ្យយុវជនអាយុក្រោម២០ឆ្នាំ ស្ត្រីមានផ្ទៃពោះ ឬស្ត្រីបំបៅដោះកូន  ខណៈពេលដែលនាយកដ្ឋាននៃក្រសួងសុខាភិបាលក៏បានចេញអនុសាសន៍ ការព្រមានអំពីការប្រើប្រាស់ឱ្យបានត្រឹមត្រូវនៃរុក្ខជាតិកញ្ឆានេះ៕ប្រភព៖ Thairath