ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីឃាតកម្ម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ស៊ុយ ជួរ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ និងតែងតែស្រវឹងជាប្រចាំ ហើយមានទីលំនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកជនរងគ្រោះឈ្មោះ សែត ណាន ភេទស្រី អាយុ៣៧ឆ្នាំ ត្រូវជាប្រពន្ធ (សព)។

បើតាមចម្លើយសារភាព ជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធរបស់ខ្លួនប្រាកដមែន ។ ជនសង្ស័យបានបញ្ជាក់ថា នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ខ្លួនបានយកខ្សែគោចងរឹតកប្រពន្ធព្យួរកន្ត្រាក់ទៅនឹងផ្ទោងខ្ទម។ រហូតដល់ម៉ោង៥ល្ងាច ទើបខ្លួនទៅស្រាយខ្សែទម្លាក់សពមកវិញ រួចហើយខ្លូនក៏ជីករណ្តៅ ពេលជីករណ្តៅហើយក៏យកសពប្រពន្ធទៅកប់ដោយទម្លាក់ក្បាលចុះទៅមុន។

លោកវរសេនីយ៍ទោតាំង លីហេង អធិការនគរបាលស្រុកជីក្រែងបានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលបុរសជាប្តីសម្លាប់ប្រពន្ធគឺព្រោះតែស្រវឹង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ​៕