ប្រទេសចិន៖ នារីម្នាក់ឈរកាន់រូបថតកាលពីខ្លួននៅតូច បង្ហោះចូលក្នុងបណ្តាញសង្គមក្នុងថ្ងៃរៀបការរបស់ខ្លួន ក្នុងការគោលបំណងស្វែងរកឪពុកម្ដាយបង្ហើត ដើម្បីឱ្យពួកគាត់បានចូលរួមក្នុងថ្ងៃមង្គល់ការរបស់នាង បន្ទាប់ពីបានបែកជាមួយឪពុកម្តាយ ដោយសារតែមានអ្នកលួចចាប់ពង្រត់នាងយកទៅលក់ឱ្យឪពុកម្ដាយចិញ្ចឹមថ្មី។

រឿងរ៉ាវមួយនេះពិតជាបានធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមមានអារម្មណ៍ខ្លោចចិត្ត និងអាណិតអាសូរជាខ្លាំងទៅកាន់នារីជនជាតិចិន មកពីខេត្ត Hebe នៃប្រទេសចិន ដែលនាងមានឈ្មោះថា Bai Xuefang អាយុ ២៤ ឆ្នាំ នាងបានធ្វើការបង្ហោះនូវរូបថតរបស់ខ្លួនកាលពីនៅតូចជាមួយនិងរូបរាងកាយក្រមុំពេញវ័យ ក្នុងឈុតរៀបការពណ៌ក្រហមយ៉ាងស្រស់ស្អាត គោលបំណងចង់ឱ្យអ្នកលេងក្នុងបណ្ដាញសង្គមទាំងអស់ជួយស្វែងរកឪពុកម្ដាយបង្កើតរបស់នាងដែលបានបែកគ្នាតាំងពី Bai Xuefang នៅអាយុ៣ឆ្នាំ ដោយសារត្រូវបានគេចាប់ពង្រត់ដោយអ្នកជួញដូរ ហើយលក់ទៅឱ្យឪពុកម្តាយចិញ្ចឹមរបស់នាងក្នុងតម្លៃ ២០០ ដុល្លារជាង។ ការធ្វើបែបនេះគឺនាងសង្ឃឹមថាអាចរកឪពុកម្ដាយបង្កើតឃើញ ហើយអាចឱ្យពួកគាត់មកចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លួន និងបានឃើញកូនស្រីពេលនេះទទួលមានសុភមង្គល។

លើសពីនេះ Bai Xuefang ក៏បានឱ្យដឹងថា ខ្លួននាងបានរស់នៅជាមួយម្ដាយចិញ្ចឹមតាំងពីតូច ហើយក្នុងអាយុ១១ឆ្នាំ នាងតែងតែត្រូវឪពុកម្ដាយចិញ្ចឹមវាយធ្វើបាបជានិច្ច។ នៅពេល Bai Xuefang  មានអាយុ ១៧ ឆ្នាំ នាងបានចាប់ផ្តើមធ្វើការ ហើយបានធ្វើដំណើរទៅកាន់ស្រុកនានាទូទាំងប្រទេសចិន រួមមាន Guizhou, Yunnan, Shandong, Henan និង Beijing ដើម្បីស្វែងរកឪពុកម្តាយបង្កើតរបស់ខ្លួន។ ប៉ុន្តែរហូតមកដល់ពេលនេះនាងនៅមិនទាន់បានទទួលព័ត៌មានណាមួយអំពីឪពុកម្តាយបង្កើតនោះទេ។

បច្ចុប្បន្ន Bai Xuefang  បើកហាងនំខេកចិន នាងបានបង្ហោះព័ត៌មានអំពីការស្វែងរកឪពុកម្តាយបង្កើតរបស់នាងនៅក្នុងហាង  ដើម្បីជា Channel មួយផ្សេងទៀតសម្រាប់ការចែកចាយព័ត៌មានមួយនេះ ទោះបីក្តីសង្ឃឹមមានតិចតួចបំផុត ប៉ុន្តែនាងនៅតែរំពឹង និងបន្តស្វែងរកឪពុកម្តាយបង្កើត ជាមួយនឹងស្វាមីចាំជួយលើកទឹកចិត្តនាងជានិច្ច៕