រដ្ឋធានីមូស្គូ៖ រហូតមកដល់ពេលនេះ មានសេចក្ដីរាយការណ៍ថា ដ្រូន បានវាយប្រហារ ចំនួន២លើក ទៅលើរោងចក្រចម្រាញ់ប្រេង ស្ថិតនៅលើទឹកដីរបស់រុស្ស៊ី ហើយដំណើរការ នៃប្រតិបត្ដិការចម្រាញ់ប្រេងនេះ នឹងត្រូវបានផ្អាកផងដែរ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ថា រដ្ឋបាលគ្រប់គ្រងរោងចក្រ បានអះអាងថា ការវាយប្រហារ ដោយដ្រូន បានវាយប្រហារ មកលើរោងចក្រចម្រាញ់ប្រេងដ៏ធំមួយរបស់រុស្ស៊ី នៅជិតព្រំដែនជាប់ជាមួយប្រទេសអ៊ុយក្រែន។ សកម្មភាពវាយប្រហារនេះ បានបង្កឲ្យមានអណ្ដាតភ្លើងឆេះឡើង លាយឡំនឹងផ្សែងខ្មៅហុយឡើងលើមេឃ និង ជំរុញឱ្យផ្អាកដំណើរការប្រតិបត្តិការ នៅក្នុងរោងចក្រនេះ។

ក្រុមមន្រ្ដី នៃរោងចក្រចម្រាញ់ប្រេងណូវ៉ូសាខ្ទីនស្ក៍ (Novoshakhtinsk ) ស្ថិតក្នុងតំបន់រ៉ូស្ដូវ (Rostov) ប្រទេសរុស្ស៊ី បានអះអាងថា នេះជាលើកទី១ ដែលដ្រូន បានវាយប្រហារ កាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃពុធ ទី២២ ខែមិថុនា ហើយវាបានបង្កឲ្យប៉ះពាល់ដល់អង្គភាពចម្រោះចម្រាញ់ប្រេង និង ផ្ទុះអណ្ដាតភ្លើងឡើង។ ដោយឡែកការវាយប្រហារលើកទី២ បានកើតឡើង នៅវេលាម៉ោង៩ និង២៣នាទីព្រឹក ថ្ងៃដដែល សំដៅទៅលើអាងស្តុកប្រេងឆៅ នៅក្នុងរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលប្រេងដ៏ធំបំផុត នៅភាគខាងត្បូង នៃប្រទេសរុស្ស៊ី។ ប៉ុន្តែករណីនេះ មិនបានបណ្តាលឲ្យមានគ្រោះអគ្គិភ័យនោះទេ។

បើតាមសេចក្តីថ្លែងការណ៍ ចេញពីរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់រុស្ស៊ី បានអះអាងថា «នេះជាលទ្ធផល នៃសកម្មភាពភេរវកម្ម ពីព្រំដែនភាគខាងលិច នៃតំបន់ Rostov ហើយដ្រូនចំនួន២គ្រឿង បានវាយប្រហារ ទៅលើទីតាំងបច្ចេកវិទ្យា នៃ រោងចក្រ Novoshakhtinsk»។

ទោះជាយ៉ាងណា នៅមិនទាន់មានការឆ្លើយតបភ្លាមៗ ពីក្រុមមន្រ្ដីអ៊ុយក្រែន ជុំវិញការចោទប្រកាន់ អំពីការវាយប្រហារ ដោយដ្រូន ទៅលើរោងចក្រចម្រាញ់ប្រេង ស្ថិតនៅភាគខាងត្បូង ប្រទេសរុស្ស៊ី ដែលមានចម្ងាយ ត្រឹមតែ៨គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន នោះឡើយ។

អភិបាលក្រុង Rostov លោក វ៉ាស៊ីលី ហ្គោលូបេវ (Vasily Golubev) បានអះអាងថា រោងចក្រចម្រាញ់ប្រេងនេះ បានផ្អាកប្រតិបត្តិការ។ ចំណែកបំណែកដ្រូន ចំនួន២គ្រឿង ត្រូវបានរកឃើញ នៅក្នុងរោងចក្រចម្រាញ់ប្រេងនេះ។

ក្រសួងថាមពលរុស្ស៊ី បាននិយាយថា ការវាយប្រហារនេះ មិនបានប៉ះពាល់ ដល់ដំណើរការផ្គត់ផ្គង់ប្រេងសាំង និង ម៉ាស៊ូតដល់អ្នកប្រើប្រាស់ នៅភាគខាងត្បូង ប្រទេសរុស្ស៊ី នោះទេ។

សូមជម្រាបថា រោងចក្រចម្រាញ់ប្រេង ណូវ៉ូសាខ្ទីនស្ក៍ (Novoshakhtinsk ) ស្ថិតក្នុងតំបន់រ៉ូស្ដូវ (Rostov) ប្រទេសរុស្ស៊ី បានចាប់ផ្ដើម បើកប្រតិបត្ដិការចម្រាញ់ប្រេង កាលពីអំឡុងឆ្នាំ២០០៩។ រោងចក្រនេះ មានសមត្ថភាពចម្រាញ់ប្រេង បានរហូតដល់ ចំនួន ៧,៥លានតោនជារៀងរាល់ឆ្នាំ៕