រដ្ឋធានីអ៊ិស្លាមបាដ៖ ថ្វីបើកាលពីពេលកន្លងទៅថ្មីៗនេះ ប៉ាគីស្ថាន បានដកហូតតំណែងនាយករដ្ឋមន្រ្ដី ចេញពីលោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) ហើយបានតែងតាំងប្រមុខរដ្ឋាភិបាលថ្មីដឹកនាំប្រទេសយ៉ាងណាក្ដី ប៉ុន្ដែប្រទេសអាស៊ីខាងត្បូងមួយនេះ នៅតែប្រឈមមុខនឹងវិបត្ដិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាមួយបំណុល បរទេស មានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។

សារព័ត៌មាន The NewsXpress បានចេញផ្សាយ កាលពីថ្ងៃទី១៨ ខែមិថុនា ថា បើតាមកាសែតអ៊ីតាលី អូសស៊ើរវ៉ាតូរីយ៉ូ ហ្គោបាលីសហ្ស៊ីយ៉ុន (Osservatorio Globalizzazione) បានរាយការណ៍ថា សេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសប៉ាគីស្ថាន បានទទួលរងនូវការធ្លាក់ចុះបន្ថែមផ្សេងទៀត កាលពីពេលថ្មីៗនេះ ខណៈប្រទេសចិន បានទាមទារសំណង ចំនួន៥៥,៦លានដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងខ្សែទឹកក្រូច (Lahore Orange Line) នៅក្នុងទីក្រុងឡាហ័រ ខេត្តផុនចាប (Punjab)។

ជាមួយគ្នានេះដែរ នៅចុងខែមីនា ទុនបម្រុងប្តូរប្រាក់បរទេស កាន់កាប់ដោយធនាគាររដ្ឋ នៃប្រទេសប៉ាគីស្ថាន បានធ្លាក់ចុះ ចំនួន ២,៩១៥ពាន់លានដុល្លារអាមេរិក ដោយសារការសងបំណុលខាងក្រៅប្រទេស។ ដូច្នេះ ប៉ាគីស្ថាន ប្រឈមមុខនឹងអនាគតសេដ្ឋកិច្ចដ៏អាក្រក់ ដោយសារទំនាក់ទំនងវែងឆ្ងាយជាមួយចិន គួរឲ្យព្រួយបារម្ភ។

កាសែតអ៊ីតាលី Osservatorio Globalizzazione បានរាយការណ៍ទៀត ថា ក្រុមហ៊ុនចិន សាជីវកម្មឧស្សហកម្មផ្លូវដែកចិនខាងជើង ហៅកាត់ (CR-NORINCO) ដែលបានសាងសង់គម្រោងខ្សែទឹកក្រូចទីក្រុងឡាហ័រ (Lahore Orange Line Project) រួចរាល់ជាស្ថាពរ នៅក្នុងឆ្នាំ២០២០ បានទាមទារប្រាក់ ពីអាជ្ញាធរទីក្រុង Punjab សរុប ៤៥,៣លានដុល្លារអាមេរិក នៅចុងខែមីនា ឆ្នាំ២០២៣ ហើយលុយនៅសល់១០,៥ លានដុល្លារអាមេរិក នឹងត្រូវសង នៅចុងឆ្នាំនោះ។

ចិន បានចរចាយ៉ាងលំបាកជាមួយប៉ាគីស្ថាន ខណៈនិយាយ អំពីការសងប្រាក់កម្ចីរបស់ខ្លួន និង ការវិនិយោគផ្សេងៗទៀត នៅក្នុងប្រទេសប៉ាគីស្ថាន។ នៅក្នុងឆ្នាំសារពើពន្ធ ២០២១-២០២២ ប៉ាគីស្ថាន បានចំណាយប្រាក់ ប្រហែល១៥០លានដុល្លារ បង់ការប្រាក់ទៅឲ្យប្រទេសចិន សម្រាប់ការប្រើប្រាស់ហិរញ្ញវត្ថុពាណិជ្ជកម្មរបស់ចិន ទំហំទឹកប្រាក់ ៤,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំហិរញ្ញវត្ថុ ២០១៩-២០២០ ប៉ាគីស្ថាន បានបង់ប្រាក់ ចំនួន១២០លានដុល្លារ សម្រាប់ការប្រាក់ លើប្រាក់កម្ចី ចំនួន៣ពាន់លានដុល្លារ។

ការទាមទាររបស់ចិន សម្រាប់ការទូទាត់សងថ្លៃ គម្រោងខ្សែទឹកក្រូច Lahore ត្រូវបានធ្វើឡើង នៅក្នុងសប្តាហ៍ទី១ នៃខែមេសា ឆ្នាំ២០២២ ខណៈរដ្ឋាភិបាលប៉ាគីស្ថាន បែររបត់នយោបាយថ្មី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក សែប៉ាស សារីហ្វ (Shehbaz Sharif) ទើបនឹងឡើងកាន់តំណែងថ្មី។ ប៉ុន្ដែកាលពីដើមខែមីនា ឆ្នាំ២០២២ ចិនបានយល់ព្រមតាមសំណើរបស់ប៉ាគីស្ថាន ដើម្បីបង្វិលសងបំណុលដ៏ច្រើនសន្ធឹកសន្ធាប់ មានទំហំទឹកប្រកា់ ៤,២ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់នូវការសង្គ្រោះដ៏សំខាន់ សម្រាប់សម្ពន្ធមិត្តរបស់ខ្លួនមួយនេះ។

គម្រោងមួយចំនួនរបស់ចិន នៅក្នុងប្រទេសប៉ាគីស្ថាន កំពុងប្រឈមនឹងបញ្ហា នៅក្នុងការធានានូវការធានារ៉ាប់រង សម្រាប់ប្រាក់កម្ចីរបស់ពួកគេ នៅក្នុងប្រទេសចិន ដោយសារតែបំណុល លើវិស័យថាមពលដ៏ធំរបស់ប្រទេសប៉ាគីស្ថាន ដែលមានទឹកប្រាក់ ប្រហែល១៤ ពាន់លានដុល្លារសហរដ្ឋអាមរិក។

ប៉ាគីស្ថាន ត្រូវការចំណាយប្រាក់ ប្រហែល ១,៣ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុនផលិតថាមពលចិន ហើយរហូតមកដល់ពេលនេះ ក្រុងអ៊ិស្លាមបាដ ទើបតែបង់បានចំនួន២៨០លានដុល្លារប៉ុណ្ណោះ។ ជាឧទាហរណ៍មួយទៀត ការចរចារដ៏លំបាករបស់ប្រទេសចិន ជុំវិញការដោះស្រាយរូបិយវត្ថុ តាមរយៈប្រទេសប៉ាគីស្ថាន បានកត់ត្រាយ៉ាងល្អ នៅក្នុងករណី នៃគម្រោងទំនប់ដាស៊ូ (Dasu) ។ កាលពីឆ្នាំមុន ប្រទេសចិន បានទាមទារប្រាក់ចំនួន៣៨លានដុល្លារអាមេរិក សម្រាប់សំណង ជួយដល់គ្រួសារវិស្វករ ចំនួន៣៦នាក់ ដែលបានស្លាប់ នៅក្នុងការវាយប្រហារភេរវកម្ម ទៅលើទំបន់ដាស៊ូ (Dasu) ។

ប្រាក់កម្ចីយ៉ាងច្រើន យកពីប្រទេសចិន អារ៉ាប៊ីសាអូឌីត និង កាតារ ក៏ដូចជា ប្រាក់កម្ចី ចំនួន ១៣កម្ចី ពីមូលនិធិរូបិយវត្ថុអន្ដរជាតិ ហៅកាត់ IMF ក្នុងរយៈពេល 30 ឆ្នាំ (ជាមួយនឹងកម្មវិធីកម្ចី ភាគច្រើន ត្រូវបានហៅថា ការបញ្ចប់ពាក់កណ្តាលផ្លូវ សម្រាប់ការមិនបំពេញលក្ខខណ្ឌកម្ចី) គឺជាមូលហេតុចម្បង សម្រាប់ការធ្លាក់ចុះ នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ប្រាក់កម្ចី៦ពាន់លានដុល្លាររបស់ IMF ឆ្នាំ ២០១៩ ក៏ត្រូវបានផ្អាក ហើយប្រទេសចិន បានដោះស្រាយជាមួយនឹងការស្នើសុំជាញឹកញាប់របស់ប៉ាគីស្ថាន ដើម្បីជួយដល់ប្រទេសនេះ។ បច្ចុប្បន្ននេះ ប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងតែដើរតាមផ្លូវរបស់ប្រទេសស្រីលង្កា កំពុងតែរួមរឹត ដោយប្រាក់បំណុលរបស់ប្រទេស រហូតធ្វើឲ្យប្រទេសនៅលើដែនកោះមួយនេះ ប្រឈមនឹងវិបត្ដិសេដ្ឋកិច្ច ស្បៀងអាហារ និង ប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរបំផុត៕