ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីម្តាយទុកគាត់ចោលក្នុងរថយន្ត ដោយសារ តែនាងប្រញាប់ចូលផ្ទះដើម្បីរៀបចំពិធីខួបកំណើតឱ្យកូនស្រី យ៉ាងប្រញាប់ប្រញាល់ លុះចុងក្រោយទើបដឹងខ្លួនថាកូនប្រុសនៅក្នុងឡានក៏ហួសពេលបាត់ទៅហើយ។

ទាក់ទងនឹងករណីខាងលើនេះផងដែរត្រូវបានគេឱ្យដឹងថា ស្ត្រីជនជាតិអាមេរិកម្នាក់បានបើកឡាន ជួលមកផ្ទះនៅទីក្រុង Houston ហើយនាងក៏បានប្រញាប់នាំកូនស្រីអាយុ ៨ ឆ្នាំទៅផ្ទះដើម្បីរៀបចំកម្មវិធីខួបកំណើតដោយភ្លេចគិតថាកូនប្រុសអាយុ ៥ឆ្នាំរបស់គាត់ មិនបានចុះពីលើរថយន្តមកក្រៅនោះទេ ។

លុះប៉ុន្មានម៉ោងក្រោយមក ទើបម្ដាយដឹងខ្លួនថាកូនប្រុសមិនបាននៅជាមួយក្រុមគ្រួសារនោះទេ ដំបូងឡើយស្ត្រីជាម្ដាយគិតថាកូនប្រុសចុះចេញពីលើឡានដើរតាមបងស្រីដែលមានអាយុ៨ឆ្នាំនោះមកក្នុងផ្ទះហើយ ប៉ុន្តែ អស់រយៈពេល ២ ទៅ៣ម៉ោងក្រោយទើបដឹងខ្លួន ហើយក៏រត់ទៅមើលនៅក្នុងឡាន ប៉ុន្តែអ្វីៗ ត្រូវបានហួសពេលទៅហើយ ព្រោះកូនប្រុសបានជាប់ក្នុងឡាន និងថប់ដង្ហើមស្លាប់បាត់ទៅហើយ។

ក្រោយពីមានដំណឹងមួយនេះមកសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងត្រួតពិនិតន្យ មើល ដឹងថាក្មេងប្រុសពិតជាស្លាប់ដោយសារថប់ដង្ហើម ប៉ុន្តែវាអាចទាក់ទងនឹងកំដៅនៅថ្ងៃកើតហេតុដោយសីតុណ្ហភាពក្នុងទីក្រុង Houston ឡើងដល់ ៣៨ អង្សាសេ ។

ទោះជាយ៉ាងណាគេមិនទាន់ដឹងថាតើស្ត្រីជាម្តាយប្រឈមនឹងការចោទប្រកាន់ណាមួយទេ ព្រោះមូលហេតុនៃការស្លាប់កំពុងត្រូវបានស៊ើបអង្កេត។

គួរបញ្ជាក់ផងដែរថាយោងតាមក្រុមប្រឹក្សាសុវត្ថិភាពជាតិ (NSC) ជារៀងរាល់ឆ្នាំនៅ សហរដ្ឋអាមេរិក មានកុមារចំនួន ៣៨ នាក់ដែលមានអាយុក្រោម ១៥ ឆ្នាំបានស្លាប់ដោយសារ ជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីត្រូវបានទុកក្នុងឡានជាមធ្យម ដោយសារសីតុណ្ហភាពរាងកាយរបស់កុមារងាយកើនឡើងលឿន។ហើយពួកគេចាប់ផ្តើមវិវត្តទៅជាជំងឺដាច់សរសៃឈាមខួរក្បាលនៅពេលដែលសីតុណ្ហភាពរាងកាយរបស់ពួកគេឡើងដល់ ៤០ អង្សារសេ ហើយអាចស្លាប់ប្រសិនបើសីតុណ្ហភាពឡើងដល់ ៤១.៦ អង្សាសេបើសិនជាប់ក្នុងឡាន ឬកន្លែងហប់៕ ប្រភព៖ Thairath