ភ្នំពេញ៖ យោងអង្គការ​សមាគម​ធាងត្នោត បានរក​ឃើញ​ថា ផ្ទៃ​បឹងតាមោក ឬ​បឹង​ទំនប់កប់ស្រូវ​ជិត ៦៥% ត្រូវ​បាន​រដ្ឋាភិបាលសម្រេច​កាត់​ប្រគល់​ទៅ​ឱ្យ​ឧកញ៉ា ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​រដ្ឋ​ចំនួន ៤៣​ដង ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ ក៏ដូចជាដោះដូរ​ ដែល​ធ្វើ​ឱ្យ​ទំហំ​ផ្ទៃ​បឹងតាមោក​មួយ​នេះ​នៅ​សល់​តែ​ជាង ១​ពាន់​ហិកតារ​ប៉ុណ្ណោះ។

យ៉ាងណាមិញនាព្រឹកមិញនេះពាក់ព័ន្ធនឹងរឿងចាក់ដីលុបបឹងតាមោកលោកបណ្ឌិត សុខ ទូច ក៏បានបង្ហោះសារនៅលើផេកហ្វេសប៊ុកផ្លូវការដោយលើកឡើងបែបនេះថា៖ «ព្រឹកនេះ ខ្ញុំធ្វើដំណើរមកកន្លែងធ្វើការ ឃើញគេចាក់ដីលុបបឹងតាមោក ខ្ញុំទប់អារម្មណ៍មិនបាន ប្រើភាសាមិនពិរោះស្ដាប់។

តើអ្នកមានស្រុកខ្មែរ ពេលណាទើបលែងចង់មានបានដោយសារលុបបឹង? ដូនតាសម័យយអង្គរ លោកបានជីកស្រះ ជីកបារាយណ៍ ជីកកសិន្ធដើម្បីរក្សាទឹកទុក សម្រាប់ធ្វើកសិកម្ម ឬទប់ទឹកជំនន់ ចុះហេតុអ្វីអ្នកមានសម័យថ្មីលុបបឹងដើម្បីតែផលប្រយោជន៍ដុល្លារតែមួយគត់ ហើយអ្នកនិយាយថាធ្វើដើម្បីបុព្វហេតុដូនតារបស់ខ្មែរ។
តើអ្នកមិនមើលរាល់ប្រាសាទរបស់ខ្មែរណាដែលមិនមានកសិន្ធ តើទីតាំងដែលខ្មែររស់នៅពីដើម កន្លែងណាមួយដែលមិនមានប្រព័ន្ធទឹក និងស្រះដើម្បីរក្សាទឹក?»។

គួរជម្រាបដែលថា បឹងតាមោក​មានផ្ទៃ​ដី​សរុប ៣២៣៩​ហិកតារ) ជា​អាង​ស្តុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ បឹង​ធម្មជាតិ​មួយ​នេះ​មាន​ប្រជាជន​រស់នៅ​ជុំវិញ​ប្រមាណ ៣០០​គ្រួសារ និង​មាន​មនុស្ស​ប្រហែល ១​ពាន់​នាក់​ដែល​ភាគច្រើន​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ការ​នេសាទ​ត្រី ដាំ​ដំណាំ ចិញ្ចឹម​ត្រី និង​រកស៊ី​លក់ដូរ​នៅ​ផ្ទះ ៕