អន្តរជាតិ៖ ទីក្រុង Tangshan នៃខេត្ត Hebei ភាគខាងជើងប្រទេសចិន ត្រូវបានដកហូតបញ្ជី «ទីក្រុងស៊ីវិល័យ» ដោយសារតែមានករណីបុរសមួយក្រុមប្រើអំពើហិង្សាវាយដំលើលើនារី៤នាក់នៅក្នុងភោជនីយដ្ឋានកាលពីដើមខែនេះ។

ការិយាល័យអរិយធម៌នៃគណៈកម្មាធិការកណ្តាលរបស់បក្សកុម្មុយនិស្តចិន បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានសម្រេចចិត្តដកក្រុង Tangshan ចេញពីបញ្ជីនៃ ទីក្រុងស៊ីវិល័យ ដែលជាការទទួលស្គាល់ខ្ពស់បំផុតសម្រាប់ទីក្រុងរបស់ប្រទេសចិន។

សារព័ត៌មាន China City News ដែលជាសារព័ត៌មានមួយនៅក្រោមកាសែតផ្លូវការរបស់ People’s Daily បាននិយាយថា «កិត្តិយសនៃទីក្រុងស៊ីវិល័យជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់ ហើយមិនអាចត្រូវបានគេលាបពណ៌ ឬបន្ទាបបន្ថោកឡើយ»។ «នៅពេលប្រឈមមុខនឹងបញ្ហាជាច្រើន ក្រុង Tangshan ច្បាស់ជាមិនបានបង្ហាញពីភាពកក់ក្តៅនៃទីក្រុងស៊ីវិល័យនោះទេ»។

អំពើហិង្សាលើនារីទាំង៤នាក់នៅភោជនីយដ្ឋានដោយបុរសមួយក្រុមកាលពីថ្ងៃទី១០ ខែមិថុនាបានធ្វើឱ្យមានការភ្ញាក់ផ្អើលនិងបង្កឱ្យមានការសន្ទនាកាន់តែទូលំទូលាយក្នុងចំណោមប្រជាជនចិននៅលើអ៊ីនធឺណិតអំពីហិង្សាលើស្ត្រី ហើយបុរស៩នាក់នោះត្រូវបានចាប់ខ្លួន៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖