ពិតជារឿងដ៏គួរឱ្យតក់ស្លុត ជាខ្លាំងសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ដែលបានជួបនូវគ្រោះរញ្ជួយដីយ៉ាងខ្លាំងក្លារហូតបណ្ដាលឱ្យមានអ្នកបាត់បង់ជីវិតអស់២៨០នាក់ក្នុងហេតុការណ៍ដ៏អាក្រក់មួយនេះ។

នាថ្ងៃទី២២ ​ខែមិថុនា ឆ្នាំ ២០២២ មានសេចក្ដីរាយការណ៍មកថា មានគ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័របានវាយប្រហារប្រទេសអាហ្វហ្គានីស្ថានយ៉ាងធ្ងនធ្ងរ។ ការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចម្ងាយពីឆ្នេរសមុទ្រពីទីក្រុងនៃប្រទេសអាហ្វហ្គានីស្ថាននៅជិតព្រំដែនប៉ាគីស្ថានប្រហែល ៤៤ គីឡូម៉ែត្រ និងមានជម្រៅ ៥១ គីឡូម៉ែត្រពីផ្ទៃដី ហើយវាបានវាយប្រហាខ្លាំងជាងគេនៅក្នុងខេត្ត​ Paktica ដែលជាខេត្តស្ថិតក្នុងតំបន់ដាច់ស្រយាល ហើយមាន ផ្ទះប្រហែល ៩០ ខ្នងត្រូវបានបំផ្លាញ ដោយមានអ្នកស្រុកខ្លះជឿថាជាប់នៅក្រោមគំនរបាក់បែក។

ក្នុងហេតុការណ៍គ្រោះធម្មជាតិដ៏អាក្រក់នេះផងដែរបាន បានធ្វើឱ្យប្រជាជនអាហ្វហ្គានីស្ថាន មានការស្លន់ស្លោជាខ្លាំង ក្នុងនោះក៏មនុស្សជាង ២៨០នាក់ត្រូវបានស្លាប់ និងមានមនុស្សប្រហែល២០០នាក់បានរងរបួសនៅក្នុងការរញ្ជួយដីនេះ។

ជាមួយគ្នានោះគេបានរាយការណ៍មកថាក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើដំណើរតាមឧទ្ធម្ភាគចក្រទៅកាន់តំបន់រងគ្រោះ ប៉ុន្តែដោយសារតែជនរងគ្រោះភាគច្រើនស្ថិតនៅក្នុងតំបន់ដាច់ស្រយាលទើបធ្វើឱ្យមានការចុះទៅជួយសង្គ្រោះយឺតយ៉ាវ បន្ថែមពីនោះមន្ត្រីក្នុងតំបន់រំពឹងថាចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀតក្នុងហេតុការណ៍ដ៏អាក្រក់មួយនេះ៕ ប្រភព៖ naewna