រាជធានីឡុងដ៍៖ ក្រោយពេលនាយករដ្ឋមន្រ្ដី លោក បូរីស ចនសុន បានធ្វើដំណើរទៅកាន់កាន់ទីក្រុងគៀវ ចំនួន២លើក ដោយបានបង្ហាញ អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្លួន ដល់ប្រទេសអ៊ុយក្រែន នោះមក យន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើបរបស់ចក្រភពអង់គ្លេស ក៏បានហោះហើរ ធ្វើសមយុទ្ធយោធា ជាមួយនឹងបណ្ដាប្រទេសផ្សេងៗ រួមមាន បារាំង ក្រិក និង ស្វីស នៅឆ្នេរសមុទ្រខេត្តប៊ីស្កា (Biscay) ប្រទេសអេស្ប៉ាញ។
សារព័ត៌មាន UKDJ បានចេញផ្សាយ កាលពីថ្ងៃទី២១ ខែមិថុនា ថា មន្រ្ដីកងទ័ពអាកាសចក្រភពអង់គ្លេស ហៅកាត់ RAF បានអះអាងថា យន្ដហោះចម្បាំងបំបាំងកាយរបស់ចក្រភពអង់គ្លេស ប្រភេទ F-35B ចំនួន៤គ្រឿង បានហោះចេញពីមូលដ្ឋានកងទ័ពអាកាសលេខ៦១៧ ដើម្បីចូលរួមធ្វើសមយុទ្ធ តាមផ្លូវអាកាសជាមួយអង្គការណាតូ និងដៃគូអឺរ៉ុប នៅឈូងសមុទ្រ Biscay ។ ចំណែកការធ្វើសមយុទ្ធនេះ ក៏មានការគាំទ្រ ពីយន្ដហោះចាក់ប្រេងឥន្ធនៈមួយគ្រឿងផងដែរ។
មន្រ្ដីកងទ័ពអាកាសរបស់ចក្រភពអង់គ្លេស បានបន្ថែមថា «សមយុទ្ធនេះ ត្រូវបានគេស្គាល់ថា ការវាយប្រហារតាមមហាសមុទ្រ ត្រូវបានធ្វើឡើងជាមួយនឹងយន្តហោះរបស់ក្រិក ប្រភេទ F-16, យន្ដហោះរបស់ស្វីស ប្រភេទ F-18 និងយន្ដហោះចម្បាំងរបស់បារាំង ប្រភេទ Rafale និងយន្ដហោះ Dassault Mirage 2000។ សរុបមក មានយន្តហោះចម្បាំងទំនើបៗ ចំនួន២០ គ្រឿង បានចូលរួមធ្វើសមយុទ្ធតាមផ្លូវអាកាសនេះ ដោយបានបង្ហាញ អំពីសមត្ថភាពរបស់កងទ័ពអាកាសរបស់ចក្រភពអង់គ្លេស នៅក្នុងការចូលរួមជាមួយប្រទេសជាដៃគូជាច្រើនទៀត។
នៅក្នុងសេណារីយ៉ូនេះ យន្តហោះចម្បាំងទាំងនេះ ត្រូវបានផ្តល់តួនាទីប្រយុទ្ធផ្សេងៗគ្នា។ ដោយឡែក យន្តហោះចម្បាំងបំបាំងកាយ ប្រភេទ F-35B របស់ចក្រភពអង់គ្លេស បានវាយប្រហារតាមអាកាស ខណៈយន្តហោះរបស់ប្រទេសជាដៃគូ បានបង្ក្រាប ទៅលើប្រព័ន្ធការពារដែនអាកាសរបស់«សត្រូវ»។ នៅក្នុងសេណារីយ៉ូបែបនេះ ការវាយប្រហារក្លែងទាំងនេះ ត្រូវបានវាយប្រហារប្រឆាំង ដោយយន្តហោះចម្បាំង ដែលការពារដែនអាកាស និង អាកាសយានដ្ឋានផងដែរ៕