ភ្នំពេញ៖ គិតមកទល់ពេលនេះមន្រ្តី៣នាក់នៃគណបក្សភ្លើងទៀន បានជួបរឿងមិនល្អជាបន្តបន្ទាប់គ្នា។ ម្នាក់ ត្រូវជាប់ខ្លួន និង២នាក់ ត្រូវដកចេញពីក្របខ័ណ្ឌរដ្ឋ។

លោក អេង ស្រូយ

លោក អេង ស្រូយ ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ក្រោមហេតុផលថា លោក បានបោះបង់ចោលការងារជាមន្រ្តីនគរបាលនេះ។ លោក គឺជាគ្រូនគរបាលនៃបណ្ឌិត្យសភានគរបាលជាតិ ដែលមានឋានន្តរស័ក្តិជាវរសេនីយ៍ត្រី (ស័ក្តិ៤)។ ការបណ្តេញលោកចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ត្រូវបានធ្វើឡើងដោយប្រកាសរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលចេញនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។

លោក អេង ស្រូល ធ្លាប់ប៉ះទង្គិចគ្នាជាមួយថ្នាក់លើរបស់លោក គឺលោកឧត្តមសេនីយ៍ឯក (ផ្កាយ៣) ប្រាក់ ណារ៉ុង ជាសាស្រ្តាចារ្យបង្រៀននគរបាល និងជាអនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។ លោក ប្រាប់បណ្តាញសារព័ត៌មានថា លោក ប្រាក់ ណារ៉ុង បានទះកំផ្លៀងលោក ក្នុងកិច្ចប្រជុំមួយ កាលពីខែមេសា ឆ្នាំ២០២២ ដោយសាររឿងនយោបាយ និងដោយសារលោក ថតរូបក្នុងកិច្ចប្រជុំនាពេលនោះ។

រហូតដល់ខែឧសភា បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីបំភ្លឺថា លោក ប្រាក់ ណារ៉ុង ពុំបានទះកំផ្លៀងលោក អេង ស្រូយ នោះទេ។ បណ្ឌិត្យសភានគរបាលកម្ពុជា អះអាងថា លោក អេង ស្រូយ ពុំគោរពវិន័យ និងអសកម្មនឹងការងារ ទើបថ្នាក់លើ បើកកិច្ចប្រជុំជាមួយលោក កាលពីខែមេសា ដើម្បីអប់រំលោក។

លោក ញឹម សារ៉ុម

លោក ញឹម សារ៉ុម ត្រូវសមត្ថកិច្ចខេត្តកំពង់ធំ ចាប់ខ្លួន ហើយបញ្ជូនទៅពន្ធនាគារ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្រោមបទប្លន់។ លទ្ធផលក្រៅផ្លូវការ បង្ហាញថា ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ លោក ជាបេក្ខជនរបស់គណបក្សភ្លើងទៀន ដែលបានជាប់ឆ្នោតជាមេឃុំនៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ អ្វី ដែលគេ ចាប់អារម្មណ៍នោះ បទប្លន់នេះ មិនមែនលោក ទើបនឹងប្រព្រឹត្តទេ ដោយតុលាការ អះអាងថា លោក បានប្រព្រឹត្តតាំងឆ្នាំ២០០២មកម្ល៉េះ គឺមានរយៈពេល២០ឆ្នាំមកហើយ។

លោក សាយ វាសនា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការខេត្តកំពង់ធំ ប្រាប់សារព័ត៌មានថ្មីៗថា កាលពីឆ្នាំ២០០២ លោក ញឹម សារ៉ុម និងបក្សពួក៣នាក់ទៀត បានទៅប្លន់យកម៉ាស៊ីនភ្លើងធំប្រភេទយ៉ាម៉ាហា១គ្រឿង ពីអ្នកដទៃ នៅស្រុកស្ទោង។ លោក បន្តថា សមត្ថកិច្ច មិនទាន់ចាប់បក្សពួក៣នាក់ទៀតរបស់លោក ញឹម សារ៉ុម បាននោះទេ។

កាលពីឆ្នាំ២០១២ លោក ស៊ិត វណ្ណៈ ចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ធំ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ច តាមចាប់លោក ញឹម សារ៉ុម។ ការចាប់លោក ញឹម សារ៉ុម នាពេលនេះ គឺធ្វើទៅតាមដីការបស់លោកចៅក្រមស៊ើបសួរ ដែលចេញកាលពី១០ឆ្នាំមុន។

លើទំព័រហ្វេសប៊ុករបស់ខ្លួន គណបក្សភ្លើងទៀន បានបង្ហោះឯកសារមួយចំនួនជាភស្តុងតាង ដែលបង្ហាញថា លោក ញឹម សារ៉ុម ទៅយកម៉ាស៊ីនភ្លើងនោះ ពីម្ចាស់ម៉ាស៊ីនភ្លើង ដោយសារម្ចាស់ម៉ាស៊ីនភ្លើង ជំពាក់ប្រាក់ ហើយមិនសងលោក។ គណបក្សភ្លើងទៀន បញ្ជាក់ថា លោក ញឹម សារ៉ុម មិនមែនជាចោរប្លន់ ដូចការចោទប្រកាន់របស់តុលាការឡើយ។

បន្ថែមពីនេះ គណបក្សភ្លើងទៀន ផ្សព្វផ្សាយថា លោក ញឹម សារ៉ុម ធ្លាប់ជាប់ឆ្នោតនៅមូលដ្ឋាន២លើករួចមកហើយ គឺ ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សានៅឃុំចំណាលើ មកពីគណបក្ស សម រង្ស៊ី កាលពីឆ្នាំ២០១២ ហើយនៅឆ្នាំ២០១៧ ក៏ជាប់ឆ្នោតជាជំទប់ទី១ នៅឃុំចំណាលើដដែល មកពីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយចោលនៅចុងឆ្នាំ២០១៧។ បើតាមព័ត៌មានលើទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន ​លោក ញឹម សារ៉ុម ថែមទាំងជាអាចារ្យវត្តទៀតផង។

លោក កែវ សុមុនី

លោក កែវ សុមុនី ត្រូវលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចេញប្រកាស នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លុបឈ្មោះលោក ចេញពីក្របខ័ណ្ឌក្រសួងសុខាភិបាល។ លោក ជាមន្រ្តីជំនាញផ្នែកសុខភាពផ្លូវចិត្ត ដែលបម្រើការងារនៅនាយកដ្ឋានសុខភាពផ្លូវចិត្តនៃក្រសួងសុខាភិបាល។ គណបក្សភ្លើងទៀត ផ្សាយលើទំព័រហ្វេសប៊ុកថា លោក បានជាប់ឆ្នោតជាចៅសង្កាត់រងទី២ នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។

លោករដ្ឋមន្រ្តី ពុំបានបង្ហាញក្នុងប្រកាសនោះទេថា ការលុបឈ្មោះលោក កែវ សុមុនី ចេញពីក្របខ័ណ្ឌក្រសួងសុខាភិបាលក្រោមមូលហេតុអ្វី។ តែក្នុងប្រកាស បានឲ្យដឹងថា ការលុបឈ្មោះលោក កែវ សុមុនី ចេញពីក្របខ័ណ្ឌនេះ ដោយយោងទៅតាមរបាយការណ៍ពីក្រុមប្រឹក្សាវិន័យនៃក្រសួងសុខាភិបាល។

កាលពីខែឧសភា ឆ្នាំ២០២២ លោក កែវ សុមុនី បានសរសេរលិខិតជូនទៅលោករដ្ឋមន្រ្តី ដើម្បីសុំច្បាប់ឈប់ពិសេសពីក្រសួងសុខាភិបាល ដោយសារលោក ត្រូវឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥នេះ។

ក្រៅពីមន្រ្តីថ្នាក់មូលដ្ឋាន ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សភ្លើងទៀន ក៏ជួបរឿងមិនល្អដែរ។ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានរងបណ្តឹង២ជាន់ គឺបណ្តឹងពីគណបក្ស ប្រជាជនកម្ពុជា និងបណ្តឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

លោក សុន ឆ័យ និយាយជាមួយសារព័ត៌មានថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ មានការលួចបន្លំ និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយគណបក្សកាន់អំណាច រួមទាំងការទិតៀនរបស់លោកទៅលើចំណុចអវិជ្ជមានជាច្រើនទៀតនៃដំណើរការបោះឆ្នោត។ សម្តីទាំងនេះហើយ ដែលធ្វើឲ្យលោករងបណ្តឹង៕