ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បាត់ខ្លួនអស់រយៈពេល១ថ្ងៃ ត្រូវបានអ្នកស្រុកប្រទះឃើញសពក្នុងបឹងរហាលសន្តូក ចំងាយប្រហែល២,៥០០ម៉ែត្រ ពីភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ។

លោក មាស ឬទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ម៉ៅ យិន ភេទប្រុស អាយុ៤០ឆ្នាំនៅ ភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ  ។យោងតាមការបំភ្លឺរបស់ស្ត្រី ឈ្មោះ ភាន់ កេង ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាប្រពន្ធ បានរៀបរាប់ថា៖នៅម៉ោង ប្រហែល៦ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ប្តីគាត់បានទៅលើកលបនិងលើកលាន់រួចហើយឆក់ត្រីផង នៅចំណុចបឹងសន្តូកខាងកើតភូមិប្រហែល២,៥00ម៉ែត្រ លុះដល់ម៉ោង០៥ល្ងាចមិនឃើញប្តីរបស់គាត់ត្រឡប់មកផ្ទះវិញ ក៏បាននាំកូនទៅរកតែរកមិនឃើញក៏ត្រឡប់មកផ្ទះប្រាប់បងប្អូនឲ្យទៅជួយរក នៅចំណុចបឹងរហាលសន្តូក ពេលនោះស្រាប់តែឃើញទូកអណ្ដែតទឹកនៅកៀនមាត់បឹង គាត់ និងអ្នកភូមិចុះទៅមើលស្រាប់តែឃើញអាគុយនិងម៉ូទ័រឆក់ត្រីនៅលើទូកពេលនោះគាត់ ឲ្យអ្នកភូមិចុះរាវក្រោមទូកដែលមានទឹកជំរៅប្រហែល១.៤០ម៉ែត្រស្រាប់តែឃើញសពប្តីរបស់គាត់ ត្រូវម៉ូទ័រឆក់ត្រីឆក់ ស្លាប់ ដោយមិនដឹងពីពេលណានោះទេ ហើយក៏នាំគ្នាស្រង់សពយកមកផ្ទះទាំងក្តីក្តុកក្តួល។

លោកអធិការបានបញ្ជាក់ថា៖ ភូមិស្ទឹងកំបុត នៅដាច់ឆ្ងាយវាលប៉ែកខាងត្បូងពិបាកក្នុងការធ្វើដំណើរ លុះនៅថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២២វេលាម៉ោងវេលាម៉ោង៩៖០០នាទីព្រឹក កំលាំងយើងបានចុះទៅដល់ផ្ទះសាកសព ដោយបានបង្កើតគណៈកម្មការដើម្បីធ្វើការត្រួតពិនិត្យសាកសព ដែលមានសមាសភាពដូចខាងក្រោម៖១-នគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ,២- នគរបាលផ្នែកយុត្តិធម៌,៣- នគរបាលប៉ុស្តិ៍រហាល,៤- ក្រុមប្រឹក្សាឃុំរហាល,៥- ពេទ្យមណ្ឌលសុខភាពរហាល,៦- លោកមេភូមិស្ទឹងកំបុត,៧- ប្រពន្ធរបស់សាកសព ។

– សាកសព មានសភាពរឹងទាំងស្រុង សម្បុរសណ្ដែកបាយ ធាត់ កំពស់175ស,ម សាកសពមានសភាពហើម ស្អុយ ។ពិនិត្យដងខ្លួន  មានស្នាមជាំខ្មៅលើស្បែកពេញដងខ្លូន តាមការបញ្ជាក់ពីម្តាយនិងប្រពន្ធគឺស្នាមជាំខ្មៅពិតម៉ូទ័រឆក់ត្រីឆក់ ។អវយវៈ ដៃខាងស្តាំ  មានស្នាមជាំខ្មៅខ្លោច ត្រង់កំភួនដៃ សង្ស័យថាជាកន្លែងដែលម៉ូទ័រឆក់ត្រីឆក់ ។ការសន្និដ្ឋាន របស់គ្រូពេទ្យកោសលវិច័យ គឺ ឈ្មោះ ម៉ៅ យិន ពិតជាស្លាប់ដោយសារម៉ូទ័រឆក់ត្រី ឆក់ខ្លួនឯង មិនពាក់ព័ន្ធរឿងឃាតកម្មទេ៕