ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្តធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-Cigarette) ដែលហាស់កម្រើកឡើងវិញនៅក្នុងសង្គម ជាពិសេសមួយរយៈពេលចុងក្រោយគេសង្កេតឃើញមានក្រុមយុវជន បានប្រើផលិតផលហាមឃាត់នេះគួរឲ្យព្រួបារម្ភ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុនផលិតហាមឃាត់ទាំងនេះ ដែលធ្វើឲ្យក្រុមយុវជនយុវនារី ជាទំពាំងស្នងឬស្សីឱ្យឈ្លក់វង្វេង បោះបង់ចោលការសិក្សា ការងារ និងអាចឈានទៅបង្កបញ្ហាលំបាកធ្ងន់ធ្ងរ ផ្សេងៗទៀតដល់សង្គមជាតិគួរឱ្យព្រួយបារម្ភនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការបង្ក្រាបជាបន្តបន្ទាប់ លែងមានការប្រើប្រាស់ជារូបភាពទ្រង់ទ្រាយធំ និងបើកចំហរទៀតឡើយ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ផលិតផលទាំង២ ហាស់ដូចជាមានការកម្រើកឡើងវិញ ដែលជាបច្ច័យមួយនាំឲ្យមានគ្រោះថ្នាក់បំផុតសម្រាប់កូនខ្មែរជំនាន់ក្រោយ។

មន្រ្តីជំនាញយល់ថា SISHA និង E-Cigarette គឺជាប្រភេទគ្រឿងញៀនថ្មី ដែលបានកំពុងពង្វក់អារម្មណ៍យុវជនខ្មែរ ដែលជាទំពាំងស្នងឬស្សីឱ្យឈ្លក់វង្វេង បោះបង់ចោលការសិក្សា ការងារ និងអាចឈានទៅបង្កបញ្ហាលំបាកធ្ងន់ធ្ងរ ផ្សេងៗទៀតដល់សង្គមជាតិគួរឱ្យព្រួយបារម្ភ។

ទោះបីផលិតផល SISI និង E-Cigarette មិនមានផ្ទុកសារធាតុញៀនដែលមានចែងក្នុងតារាងឧបសម្ព័ន្ធនៃច្បាប់ ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន ប៉ុន្តែវាមានផ្ទុកនូវសារធាតុនីកូទីនសំយោគក្នុងកម្រិតខ្ពស់ដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរជាងបារី ហើយជាមួយគ្នានេះឧបករណ៍ឥរិយាបទ និងរបៀបប្រើប្រាស់ SISHIA និង E-Cigarette មានលក្ខណៈងាយស្រួល និងមានលទ្ធភាពងាយជម្រុញ និងលើកទឹកចិត្តឱ្យមានចំណង់ ប្រើប្រាស់យ៉ាងខ្លាំង ហើយអាចឈានទៅរកការ ប្រើប្រាស់ប្រភេទគ្រឿងញៀនខុសច្បាប់ផ្សេងៗទៀតដោយលាយជាមួយនឹងផលិតផលខាងលើ ហើយដែលអាចនឹងបង្កឱ្យសមត្ថកិច្ច មានការពិបាកក្នុងការ ចាត់វិធានការ ប្រសិនបើគេធ្វើការចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជាមួយនឹងការធ្វើអាជីវកម្មផលិតផលនេះ។

ជាមួយនឹងបទបញ្ជាថ្មីនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលការងារបង្ក្រាបបទល្មើសគ្រឿងញៀន នៃអគ្គស្នងកាដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រាប់បណ្តាញព័ត៌មានថា ដោយសារមួយរយៈពេលចុងក្រោយ ការប្រើប្រាស់ផលិតផលទាំងនេះកើតមានឡើងវិញ ដូច្នេះអគ្គស្នងការនគរបាលជាតិ បានធ្វើការផ្សព្វផ្សាយឡើងវិញនូវសេចក្តីណែនាំរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសូមឲ្យនគរបាល សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះអប់រំណែនាំដល់ក្រុមយុវជនរបស់យើងឈប់ប្រើដោយសារមានការប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ហើយចុះណែនាំដល់ម្ចាស់អាជីវកម្មឈប់នាំចូលផលិតផលទាំងនេះ និងរហូតដល់ការបង្ក្រាបតែម្តង។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់យ៉ាងដូច្នេះថា៖

ទី១៖ ត្រូវចាត់វិធានការជាបន្ទាន់បញ្ឈប់លែងឱ្យមានការប្រើប្រាស់ និងធ្វើអាជីវកម្មផលិតផល SISHA និង E-Cigarette ក្នុងគ្រប់រូបភាព ដោយត្រូវធ្វើការដកហូតនិងរឹបអូស យកផលិតផលទាំងនោះមករក្សាទុក។ ការដកហូត និងរឹបអូសយកផលិតផល SISHA និង I-Cigarette មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្របច្បាប់ផ្សេងទៀតជាដាច់ខាត។

ទី២៖ ត្រូវបញ្ឈប់ និងឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និងការនាំចូលផលិតផល SISHA និង I-Cigarette តាមគ្រប់រូបភាព និងត្រូវធ្វើការផ្សព្វផ្សាយពីការហាមឃាត់មិនឱ្យមានការ ប្រើប្រាស់ផលិតផលនេះដល់យុវជន និងការហាមឃាត់មិនឱ្យមានការនាំចូលចំពោះអ្នកធ្វើអាជីវកម្ម និងប្រជាជនទូទៅឱ្យបានទូលំទូលាយ។

ទី៣៖ សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមគ្រប់ក្រសួងមន្ទីរ និងតាមមូលដ្ឋានសហការគ្នាបង្ក្រាប។ ការបង្ក្រាបនេះ គឺការឃាត់ខ្លួនជនដែលជួញដូរមកអប់រំ ណែនាំ ហើយកម្ទេចចោលនូវសម្ភារ និងឧបត្ថម្ភនៃការប្រើប្រាស់ផលិតផលទាំងនេះ។ បើក្នុងករណីរកឃើញថាការប្រើប្រាស់ SISHA និង E-Cigaretter មានលួចចូលសារធាតុញៀន នោះនឹងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ជាធរមាន។

បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ការងារនេះមិនមែនតែជាការទទួលខុសត្រូវរបស់មន្ទីរប្រឆាំងគ្រឿងញៀនតែម្នាក់ឯងនោះទេ គឺជាការងាររួមរបស់សមត្ថកិច្ច និងអាជ្ញាធរតាមក្រសួងស្ថាប័ន ក៏ដូចជាអាជ្ញាធរដែនដី នៅតាមមូលដ្ឋានផងដែរ។

តាមសេចក្តីរាយការណ៍មួយចំនួន បានឲ្យដឹងថា ការប្រើប្រាស់ (ជក់) ផលិតផល SISHA និង E-Cigarette ជាពិសេសក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តមួយចំនួន កំពុងធ្វើឱ្យមានការរំជើបរំជួលចង់សាកល្បង និងប្រើប្រាស់ពីសំណាក់យុវវ័យមួយចំនួនផងដែរ ដែលបញ្ហានេះបានបង្កឱ្យមានប្រតិកម្ម និងការសំដែងនូវមតិមិនសប្បាយចិត្តជាច្រើនពីប្រជាជនទូទៅ ពិសេសអាណាព្យាបាលយុវជនទាំងនោះ ដូច្នេះសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ នឹងរួមគ្នាបង្ក្រាបបទល្មើសមួយនេះ ដូចអ្វីដែលបានធ្វើកាលពីប៉ុន្មានឆ្នាំមុននោះ៕