ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីមានករណីបាក់មែកឈើសង្កត់រថយន្តដឹកភ្ញៀវទេសចរនៅប្រាសាទប្រែរូបកាលពីល្ងាចថ្ងៃ២០ ខែមិថុនា ឆ្នាំ២០២២ លោក ឡុង កុសល អ្នកនាំពាក្យ និងជាអគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះថា ដោយសារតែអាកាសធាតុបច្ចុប្បន្ននេះ មានការប្រែប្រួលបណ្តាលឱ្យមានខ្យល់កន្រ្តាក់មានល្បឿនខ្លាំង អាចធ្វើឱ្យប៉ះពាល់ដល់ដើមឈើ និងវត្ថុផ្សេងៗទៀតនៅក្នុងតំបន់អង្គរ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។

លោកបានសំណូមពរឱ្យប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ និងអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលមានភ្លៀង ឬខ្យល់ខ្លាំងសូមកុំទៅជ្រកក្រោមដើមឈើ ឬយករថយន្តទៅចតក្រោមដើមឈើ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់បានគ្រប់ពេលដោយយើងបានដឹងជាមុន។

លោក ឡុង កុសល បានបញ្ជាក់ថា បើទោះបីជាមន្រ្តីអាជ្ញាធរជាតិអប្សរាបានដើរពិនិត្យ និងកាត់ក្រីមែកឈើ ណាដែលប្រឈមហានិភ័យជាប្រចាំក្តី តែមិនវាមិនអាចដឹងនិងកាត់បានអស់នូវរាល់មែក ឬដើមឈើដែលមានហានិភ័យនោះទេ។

លោកបានបន្តថា ក្នុងករណីបាក់មែកឈើសង្កត់រថយន្តដឹកភ្ញៀវទេសចរនៅប្រាសាទប្រែរូបកាលពីល្ងាចថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២២ មន្រ្តីអាជ្ញាធរជាតិអប្សរា ក៏បានជួយធ្វើការកាត់មែកឈើនោះចេញ ដើម្បីអាចឱ្យម្ចាស់រថយន្តយករថយន្តចេញបានផងដែរ។ សូមបញ្ជាក់ថា កន្លងមកនេះ គឺមានខ្យល់កន្រ្តាក់មានល្បឿនខ្លាំង តែងតែធ្វើឱ្យប៉ះពាល់ដល់ដើមឈើ នៅតំបន់អង្គរ ពេលខ្លះ ក៏មានការដួលរលំប៉ះពាល់ដល់ប្រាសាទបុរាណខ្លះៗផងដែរ៕