ប្រទេសឡាវ៖ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ នេះមានសេចក្ដីរាយការណ៍ពីសារព័ត៌មាន Xinhua បាន​ឱ្យដឹងថា នៅក្នុងប្រទេសឡាវរយៈពេលត្រឹមតែ ៦ខែ ចាប់ពីដើមឆ្នាំ២០២២ ប្រទេសមួយនេះបានបង្ហាញថាមានកំណើននៃការនាំចេញផលិតផលកសិផលក្នុងស្រុកគួរឱ្យកត់សម្គាល់។

ទាក់ទងនឹងការកើនឡើងកសិផលនេះផងដែរលោក Phetch Phrompriphak រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវបាននិយាយថា  ប្រទេសទទួលបានការនាំចេញកសិផល រួមទាំងផលិតផលនាំចេញសំខាន់ៗដូចជា ចេក ជ័រកៅស៊ូ ដំឡូងមី អំពៅ ជ្រូក គោ និងក្របី។ ដោយត្រឹមតែរយៈពេលប្រាំមួយខែរាប់តាំងពីដើមឆ្នាំ២០២២នេះ សរុបជាទឹកប្រាក់ក្នុងការនាំចេញកសិផលមានជាង ៨៧០ លានដុល្លារអាមេរិក ស្មើនឹង ៧២.៥៧ភាគរយ នៃគោលដៅដែលធ្លាប់បានកំណត់សម្រាប់ពេញមួយឆ្នាំ។

ក្នុងនោះរបាយការណ៍បានបញ្ជាក់ថាប្រទេសឡាវក្នុងឆ្នាំ២០២១ រកចំណូលបានជាង ៩០០ លានដុល្លារក្នុងមួយឆ្នាំពេញនៃការនាំចេញកសិផល ឬប្រហែល ៨២ ភាគរយនៃគោលដៅរបស់ប្រទេសឡាវសម្រាប់ឆ្នាំមុន។

លើលពីនេះលោក Phetch Phrompriphak បានបន្ថែមថាក្រុមហ៊ុនក្នុងស្រុកជាច្រើនគ្រោងនឹងវិនិយោគ លើវិស័យកសិកម្ម ផលិតអាហារសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ នេះគឺស្របទៅតាមគោល នយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ផលិតកម្មក្នុងវិស័យនេះ។ ហើយលោកបានបន្តថារដ្ឋាភិបាលនឹងលើកទឹកចិត្តសហគ្រិនទាំងក្នុង និង ក្រៅប្រទេសឱ្យវិនិយោគលើវិស័យកសិកម្មដើម្បីជំរុញ ការនាំចេញឱ្យកាន់តែច្រើន។

មិនតែប៉ុណ្ណោះប្រទេស ឡាវ មានឱកាសយ៉ាងធំក្នុងការបង្កើនទិន្នផលដំណាំសម្រាប់ការនាំចេញ ជាពិសេសទៅកាន់ប្រទេសចិនព្រោះឥឡូវផ្លូវរថភ្លើង ចិន-ឡាវ អាចដឹកជញ្ជូនទំនិញកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស ជាមួយនឹងការនាំចេញកាន់តែកើនឡើង។

គួរបញ្ជាក់ផងដែរថាក្នុងពេលបច្ចុប្បន្នប្រទេសឡាវមានកសិដ្ឋានចិញ្ចឹមសត្វជាង ២,០០០ កន្លែង ដែលក្នុងនោះមានកសិដ្ឋានចិញ្ចឹមគោចំនួន ៦៥៥ កសិដ្ឋានចិញ្ចឹមជ្រូកចំនួន ៥៥៣ កសិដ្ឋានបសុបក្សីចំនួន ៧១១ កសិដ្ឋាន ហើយនៅសល់គឺកសិដ្ឋានចិញ្ចឹមសត្វពពែ ចៀម និងសត្វផ្សេងៗទៀត។

ប៉ុន្តែកសិករ និង ផលិតករ ក្នុងប្រទេសឡាវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារ ប្រេងសាំង ផលិតផលនាំចូលដូចជា ជី និងចំណីសត្វឡើងថ្លៃ។

ដូច្នេះដើម្បីដោះស្រាយបញ្ហាខាងលើរដ្ឋាភិបាលឡាវកំពុងជំរុញការប្រើប្រាស់ជីសរីរាង្គ និង ចំណី ដែលផលិតក្នុងស្រុកដើម្បីកាត់បន្ថយតម្លៃនាំចូល៕ ប្រភព៖ Khaosod