ខេត្តបន្ទាយមានជ័យ៖ អ្នកគ្រូពេទ្យម្នាក់ ត្រូវរថយន្តដឹកដីបុកកិនពីក្រោយបណ្តាលឱ្យស្លាប់។ នៅពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់រថយន្តបង្កគ្រោះថ្នាក់។

ហេតុ ការណ៍នេះ កើតឡើងនៅម៉ោង៤ល្ងាចថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥ នៅភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។

ជនរងគ្រោះមានឈ្មោះ ម៉ុក ស៊ីវ៉ា ភេទស្រីអាយុ៤៩ ឆ្នាំ(ជាមន្ត្រីពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីហៅពេទ្យខេត្តបន្ទាយមានជ័យ)រស់នៅភូមិភ្នំតូចត្បូង ឃុំភ្នំតូច ស្រុកមង្គលបូរី។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមង្គលបូរីបានប្រាប់ថានៅ ពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះបានជិៈម៉ូតូម៉ាកហុងឌ្រីមពាក់ស្លាកលេខ(ប.មានជ័យ 1W. 7722) បានចេញពីធ្វើការនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ហើយត្រឡប់ទៅផ្ទះ។ លុះដល់កន្លែងកើតហេតុបានជិៈម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅជើងទៅត្បូង ហើយរថយន្តបង្កដែលឃើញជារថយន្តធុនធំបែនដឹកដីមិនស្គាល់អត្តសញ្ញាណបានបុកពីក្រោយហើយកិនបណ្តាលស្លាប់ភ្លាមៗ និងកន្លែងកើតហេតុ រួចបើកគេចខ្លួនបាត់។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា ក្រោយគ្រោះ ថ្នាក់ចរាចរណ៍កើតឡើង កម្លាំងនគរបាលប៉ុស្តិ៍ឃុំបន្ទាយនាង និងកម្លាំងនគរបាលចរាចរណ៍ស្រុកមង្គលបូរី បានចុះទៅពិនិត្យវាស់វែងឃើញថាគ្រោះថ្នាក់ចរាចរណ៍កើតឡើង ជនរងគ្រោះបានជិៈម៉ូតូក្នុងគន្លងរថយន្តល្បឿនលឿនហើយរថយន្តមកពីក្រោយបានគេចមកផ្លូវល្បឿនយឺតត្រូវរថយន្តមកពីក្រោយបណ្តាលបុកហើយកិនបណ្តាលស្លាប់ភ្លាមៗនឹងកន្លែង។

មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយវាស់វែងហើយរថយន្តសង្គ្រោះមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីបានដឹកសាកសពជូនដល់គ្រួសារ និងសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ហើយកម្លាំងបានទំនាក់ទំនងទៅកម្លាំងនគរបាលខាងមុខដើម្បីតាមចាប់រថយន្តបង្ក៕