កាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ២០២២ កន្លងទៅនេះមានសេចក្ដីរាយការណ៍ ពី AFP បានឱ្យដឹងថា ប្រទេសបង់ក្លាដែស និងប្រទេសឥណ្ឌា កំពុងតែទទួលរងនូវគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ព្រមទាំងបង្ក ឱ្យមានមនុស្សស្លាប់ដោយសារតែគ្រោះធម្មជាតិមួយនេះអស់រាប់សិបនាក់ថែមទៀតផង។

ទាក់ទងនឹងករណីគ្រោះទឹកជំនន់ខាងលើនេះវាបានផ្ដល់នូវទុក្ខកង្វល់ជាខ្លាំងសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ភាគខាងកើតនិងភាគខាងជើងនៃប្រទេសឥណ្ឌា និងបង់ក្លាដែស។ ក្នុងនោះអ្នកគ្រប់គ្រងនៃរដ្ឋAssam របស់ប្រទេសឥណ្ឌាបាននិយាយថាស្រុកចំនួន ៣២ ក្នុងចំណោមស្រុកទាំង៣៥ ស្ថិតក្នុងកម្រិតទឹកឡើងខ្លាំង សាលារៀន អគារ ផ្ទះជាច្រើន ត្រូវបានលិចលង់ដោយសារតែទឹកជំនន់ឡើងខ្លាំងគួរឱ្យបារម្ភ បន្ទាប់ពីកម្រិតទឹកក្នុងទន្លេព្រហ្មទេពបានហក់ឡើងយ៉ាងលឿន រហូតទាល់តែបាក់ដីល្បាប់ ហើយទឹកដ៏ធំបានជន់លិចសហគមន៍។

ជាមួយគ្នានោះផងដែរគេបានរាយការថាក្នុងគ្រាមានគ្រោះធម្មជាតិដ៏អាក្រក់មួយនេះ ក៏មានចំនួនអ្នកស្លាប់រួមបញ្ចូលគ្នា នៃប្រទេសបង់ក្លាដែល និង ឥណ្ឌាបានកើនឡើងដល់យ៉ាងហោចណាស់ ៨៥ នាក់ក្នុងនោះ ៦០ នាក់ជាជនរងគ្រោះនៅក្នុងប្រទេសឥណ្ឌា និង ២៥ នាក់នៅក្នុងប្រទេសបង់ក្លាដែស។

ដោយរដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់បាននិយាយថាពួកគេភាគច្រើនរងគ្រោះដោយសារការវាយប្រហារដោយរន្ទះ ការបាក់ដី និង លង់ទឹក។

យ៉ាងណាមិញអជ្ញាធរ និង រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចាប់វិធានការក្នុងការជួយសង្គ្រោះប្រជាជនមួយចំនួនដើម្បីរកទីទួលមានសុវត្តិភាព និងប្រកាសឱ្យបង្កើនការប្រុងប្រយ័ត្តឱ្យបានខ្ពស់ជាមួយនឹងគ្រោះទឹកជំនន់មួយនេះ៕ប្រភព៖ Khaosod