ខេត្តត្បូងឃ្មុំ៖ សម្ដេចតេជោ ហ៊ុន សែន បានសម្រក់ទឹកភ្នែក និងអួលដើម.ក ខណៈ ដែលសម្តេចរំលឹកអំពីប្រវត្តិសាស្រ្ត ទៅកាន់ប្រទេសវៀណាម កាលពី៤៥ឆ្នាំមុន ដើម្បីស្នើសុំកងកម្លាំងវៀតណាមមកជួយ រំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីរយៈពេល ៤៥ឆ្នាំមុន នៃដំណើរតស៊ូរំដោះជាតិ មានជំរើសមួយចំនួន ដែលសម្តេចត្រូវសម្រេចជ្រើសរើស តែអ្វីដែលសម្តេចបានជ្រើសរើសនាពេលនោះ គឺត្រូវឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាមដោយខុសច្បាប់ ដើម្បីសុំអន្តរាគមន៍ជំនួយគាំទ្រផ្នែកប្រដាប់អាវុធ ដើម្បីរំដោះប្រជាជនកម្ពុជាពីរបបអាវខ្មៅ ឃោរឃៅ យង់ឃ្នង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីអំឡុង ៤៥ឆ្នាំមុននោះ គឺជាការសម្រេចចិត្តស្លាប់-រស់ ដែលយើងមិនមានជម្រើសល្អជាងនោះឡើយ។ សម្តេចតេជោ បញ្ជាក់ថា «អ្វីៗត្រូវចាប់ផ្តើមនៅទីនេះ គឺតំបន់កោះថ្ម-X-16» ៕