ប្រទេសថៃ៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់មួយបានកើតឡើង រវាងព្រះចៅអធិការវត្តមួយអង្គ បានវាយប្រតាយប្រតប់គ្នាជាមួយនឹងជនល្មើស ដែលបានប៉ុនប៉ងលួចលុយក្នុងប្រអប់រៃអង្គាសរបស់វត្ត រហូតធ្វើឱ្យជនខិលខូចនោះត្រូវទ្រោមខ្លួនរត់បាតជើងសព្រាត។

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៧ និង៣០នាទីព្រឹក មានសេចក្ដីរាយការណ៍មកថា មានជនខិលខូចម្នាក់ចូលទៅលួចប្រាក់ក្នុងប្រអប់រៃអង្គាសនៅក្នុងវត្ត ខុកក្រៃ ភូមិលេខ១ ឃុំបានឡាំ ស្រុកវ៉ានដែង ខេត្តស្រះបុរី។ ក្នុងករណីនេះផងដែរគេបានឱ្យដឹងថា ដំបូងឡើយមានបុរសម្នាក់ដែលមានអាយុប្រហែល ៣០ ឆ្នាំពាក់អាវដៃវែងពណ៌ខ្មៅ ខោខ្មៅ ជិះម៉ូតូម៉ាកហុងដាវ៉េវ ស៊េរីពណ៌ ខៀវ លាយស គ្មានស្លាកលេខ ពាក់មួកសុវត្ថិភាពពណ៌សបានចតចូលក្នុងវត្ត រួចធ្វើសកម្មភាពលួចលុយក្នុង ប្រអប់វៃអង្គាសដែលបានដាក់លើតុមុខវត្ត រួចឡើងជិះម៉ូតូបម្រុងរត់គេចខ្លួន ប៉ុន្តែភ្លាមនោះស្រាប់តែមានព្រះចៅអធិការវត្តមួយអង្គព្រះនាម ចាន់ណារ៉ុង ព្រះជន៥០ព្រះវស្សារបានឃើញ ក៏រត់តាមពីក្រោយហើយលោត និងទាត់ម៉ូតូរបស់ជនសង្ស័យ រហូតដល់ដួលព្រមទាំងមានការប្រតាយប្រតប់គ្នាជាមួយ ជនល្មើសភ្លាមនោះក៏មានគណៈកម្មកាវត្តអាយុ៧០ឆ្នាំម្នាក់ស្នាក់នៅក្នុងព្រះវិហារ បានមកជួយ ដោយប្រើដំបងឬស្សីប្រវែងប្រហែល២ម៉ែត្រ វាយទៅលើបុរសដែលជាជនល្មើសជាច្រើនដង រហូតដល់គេរងរបួសយ៉ាងដំណំ រួចបានរត់គេចខ្លួនបាតស្រមោល  ហើយបន្សល់ទុកម៉ូតូ និងមួកសុវត្ថិភាពនៅនឹងកន្លែងកើតហេតុ ចំណែកក្នុងកន្ត្រកម៉ូតូ ក៏បានរកឃើញកាបូបស្ពាយនារី ព្រមទាំងបានត្រួតពិនិត្យ រកឃើញខ្សែកមាស២ខ្សែ លុយសុទ្ធ៨០០បាត ដែលគេជឿថាជនល្មើសបានលួចពីកន្លែងផ្សេង។

យ៉ាងណាមិញ ក្រោយពីមានហេតុការណ៍នេះកើតឡើង ព្រះសង្ឃ និងគណៈកម្មការវត្តក៏បានទៅរាយការណ៍ជូនលោកវរសេនីយ៍ទោ Suthin Sri on មន្ត្រីស៊ើបអង្កេត នគរបាលប៉ុស្តិ៍ ក្នុងស្រុកវ៉ានដែង និងបានយកភ័ស្តុតាងទាំងអស់ទៅជាមួយ ដើម្បីឱ្យប៉ូលិសតាមស្វែងរកជនល្មើសមកទទួលទោសតាមផ្លូវច្បាប់៕ ប្រភព៖ matichon