នាព្រឹកមិញនេះ ពាន​ FIFA World Cup ពិត​ប្រាកដែល​ធ្វើពី​មាស​សុទ្ធ​ជាង​៦គីឡូក្រាម​ ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​​២០លានដុល្លារ  បានមានវត្តមានមកដល់ប្រទេសកម្ពុជា។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ទាំង​ស្រុង​របស់​សារព័ត៌មាន​ Fresh News ទាក់​ទង​នឹង​ចម្ងល់​ខាង​លើ​នេះ​ ឯកឧត្ដម​ វ៉ាត់ ចំរើន​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និងជា​​​អគ្គលេខាធិការគណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា(NOCC) ក៏​ដូចជា​អគ្គលេខាធិការគណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​កីឡាស៊ីហ្គេម​ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានពន្យល់ថា មានហេតុផលជាច្រើន មុន FIFA សម្រេចជ្រើសរើសប្រទេសនីមួយៗ ដើម្បីដង្ហែពានមាសសុទ្ធខាងលើ រួមទាំងកម្ពុជាផងដែរ៖

ទី១៖ ការពិនិត្យ និងការចាប់ឆ្នោតយកប្រទេស ។ បន្ទាប់ពីការពិនិត្យ និងចាប់ឆ្នោតរួច កម្ពុជា បានជាប់ស្ថិតក្នុងចំណោម ៥១ប្រទេស ដែល FIFA ត្រូវដង្ហែពានរង្វាន់បាល់ទាត់ពិភពលោកឆ្លងកាត់ មុនឈានដល់ការប្រកួតជុំផ្ដាច់ព្រ័ត្រ FIFA World Cup 2022 នៅប្រទេសកាតា ។

ទី២៖ ការពិនិត្យលើសក្ដានុពលផ្នែកកីឡាបាល់ទាត់ ក៏ដូចជាពិនិត្យមើលប្រទេសដែលកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រមួយចំនួន ដើម្បីជួយ ជាក់ស្ដែងភាគច្រើនប្រទេសនៅអាហ្វ្រិក ។

ទី៣៖ ក្រុមហ៊ុនកូកាកូឡា ដែលជាក្រុមហ៊ុនដៃគូរបស់ FIFA ក្នុងការដង្ហែពាននេះ ទៅគ្រប់បណ្ដាប្រទេស ក៏ជាផ្នែកមួយនៃការសម្រេចចិត្តក្នុងការជ្រើសរើសប្រទេសនេះដែរ ។

ឯកឧត្ដម​ក៏​បាន​បន្ត​លើក​ឡើង​ថា​ ហេតុ​ផល​ក្រៅ​ពី​នេះ​ទៀត​គឺ​ទៅលើកត្ដាសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អ​ ព្រោះកន្លងមកពាននេះ ធ្លាប់មានករណីលួច និងបាត់បង់ចំនួន ២លើកមកហើយ កាលពីឆ្នាំ១៩៦៦ នៅអង់គ្លេស និងឆ្នាំ១៩៨៣ នៅប្រេស៊ីល ដោយ​សព្វថ្ងៃ​នេះ​កម្ពុជា​មាន​សន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អ​ក៏​ទទួល​បាន​ការ​ចូល​រួម​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​ផង​ដែរ​៕

ប្រភព: Fresh News