ភ្នំពេញ៖ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្រី្ត និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)អះអាងថា ក្រុមការងារអង្គភាព ACU នឹងបើកកិច្ចប្រជុំ លើពាក្យបណ្ដឹងពាក់ព័ន្ធនឹងករណីកាត់ដីភ្នំតាម៉ៅឲ្យក្រុមហ៊ុនឯកជន។ បណ្ដឹងនេះ ជារបស់លោក តាន់ គឹមសួរ ដែលបានស្នើឲ្យACU បើកការស៊ើបអង្កេត។

លោក ឱម យ៉ិនទៀង ប្រាប់សារព័ត៌មានក្នុងស្រុកមួយតាមប្រព័ន្ធតេឡេក្រាមថា អង្គភាព ACU ពិតជាបានទទួលពាក្យបណ្ដឹងពីលោក តាន់ គឹមសួរ ពិតមែន កាលពីថ្ងៃទី១៣មិថុនា ជុំវិញករណី កាត់ដីភ្នំតាម៉ៅ។ ក្រោយទទួលបានពាក្យបណ្ដឹងនេះ ACU នឹងបើកិច្ចប្រជុំ ដើម្បីឲ្យម្ចាស់បណ្ដឹងអាចចូលស្ដាប់ការវិភាគនិងមានមតិជុំវិញបណ្ដឹង។

នៅយប់ថ្ងៃទី១៣ ប្រធាន ACU បានប្រាប់យ៉ាងដូច្នេះ៖ «ជំហានដំបូង អបព(ACU) បើកការប្រជុំវិភាគពាក្សប្តឹងនោះ ភ្លាមក្រោយទទួលបានបណ្តឹង១ថ្ងៃឬ២ថ្ងៃ។ ម្ចាស់បណ្តឹងអាចចូលស្តាប់ការជជែកវិភាគបាន និងអាចមានមតិ ឬការពារពាក្យប្តឹងរបស់ខ្លួនបាន»។

កាលពីថ្ងៃទី១៣ មិថុនា លោក តាន់ គឹមសួរ​ ជាអ្នកដឹកនាំក្រុម Baitong Warriors បានដាក់ពាក្យបណ្ដឹងទៅ ACU ដើម្បីស្នើឲ្យមានការស៊ើបអង្កេតលើ ការកាត់ដីតំបន់ភ្នំតាម៉ៅ ឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍ។ ការសម្រេចដាក់ពាក្យបណ្ដឹងនេះ គឺដោយសារលោក រកឃើញភាពមិនច្បាស់លាស់ ក្នុងករណីខាងលើ។

បន្ទាប់ពីឃើញ សេចក្ដីជូនដំណឹង(ស.ជ.ណ) ពាក់ព័ន្ធនឹងការដោះដូដីតំបន់ភ្នំតាម៉ៅ លោក តាន់ គឹមសួរ បានទាក់ទងទៅ អគ្គនាយក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល ឯ.ក ដើម្បីសុំការស្រាយបំភ្លឺ។ ប៉ុន្តែ អគ្គនាយក្រុមហ៊ុននោះ មិនបានដឹងពីផ្នែកដោះដូរដីនោះឡើយ ហើយអះអាងថា កំពុងស្រាវជ្រាវរកក្រុមហ៊ុន ដែលទទួលបានការអភិវឌ្ឍនោះដែរ។ នេះបើតាមលិខិតរបស់លោក តាន់ គឹមសួរ ស្នើឲ្យ ACU បើកការស៊ើបអង្កេត ។

លោកសង្កត់ធ្ងន់ថា៖ «ខ្ញុំបានទទួលព័ត៌មានកាន់តែច្រើន ស្ដីពីផែនការសម្ងាត់នៃការកាត់ដីព្រៃភ្នំតាម៉ៅ…។ ករណីដីព្រៃភ្នំតាម៉ៅ​នេះហាក់ដូចជាបង្ហាញនូវរឿងរ៉ាវមិនប្រក្រតីជាច្រើនកំពុងតែកើតមានឡើង នៅពីក្រោយការរៀបចំគម្រោងដោះដូរទីតាំងនិងផ្ទេរកម្មសិទ្ធិកាន់កាប់ដីព្រៃជាង២០០០ហិកតា…»។

ទន្ទឹមនឹងនេះ លោក តាន់ គឹមសួរ បានសង្ស័យថា បុគ្គលនិងក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធនឹងករណីខាងលើ ប្រហែលគប់គិតគ្នាកុហក សម្ដេច ហ៊ុន សែន ដើម្បីទទួលបាន ស.ជ.ណ យកដោះដូរដីខាងលើ ។ ដូច្នេះ លោកសម្រេចស្នើឲ្យ ACU ជួយស៊ើបអង្កេត ជុំវិញករណីនេះ។

ជុំវិញរឿងរ៉ាវ លម្អិតនៃករណីដោះដូរដីភ្នំតាម៉ៅនេះ លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក ដែលឃ្លាំមើលលើសិទ្ធិមនុស្សនិងសិទ្ធិដីធ្លី ក៏បានកត់សម្គាល់លើករណីនេះដែរ ប៉ុន្តែមិនទាន់បានចុះស្រាវជ្រាវឡើយ ព្រោះមិនមានពាក្យបណ្ដឹង ទើបពិបាកចុះធ្វើកិច្ចការ។ តែយ៉ាងណាលោក ករុណា យល់ថា តំបន់ភ្នំតាម៉ៅនេះ ត្រូវបានពលរដ្ឋទូទៅស្គាល់ជាតំបន់សួនសត្វ កន្លែងអភិរក្ស និងកម្សាន្ត។ ដូច្នេះ គួរតែអភិវឌ្ឍន៍តំបន់នេះ ឲ្យរីកចម្រើន ដោយមិនចាំបាច់ផ្លាស់ប្ដូរទីតាំងសួនសត្វឡើយ។

ក្នុងកិច្ចសម្ភាសន៍លោក សឹង សែនករុណា ថ្លែងយ៉ាងដូច្នេះ៖ «យើងចង់ឲ្យមានការអភិរក្ស ព្រោះពលរដ្ឋទូទៅដឹងស្គាល់ថាជាទីតាំងឬតំបន់នោះ(ភ្នំតាម៉ៅ) ជាកន្លែងអភិរក្សសត្វព្រៃ គួរតែរក្សាហើយគ្រប់គ្នាស្គាល់កាន់ច្រើន។ យើងមិនចង់ឃើញមានការផ្លាស់ប្ដូរសួនសត្វនិងកន្លែងអភិរក្សនេះទៅកន្លែងផ្សេងនោះទេ»។

ដីព្រៃតំបន់ភ្នំតាម៉ៅមានប្រមាណ២៥០០ហិកតា ក្នុងនោះមានសួនសត្ច និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅប្រមាណ៤០០ហិកតា។ ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្រី្ត ចេញថ្ងៃទី១៤ មេសា ឆ្នា២០២២ បានបញ្ជាក់ថា នឹងមានការដោះដូរទីតាំងដីពីរកន្លែង។ ទីតាំងទី១ ទំហំ៣០០ហិកតា ជាទីតាំងដីស្ថានីយ៍ចិញ្ចឹមគោពូជភ្នំតាម៉ៅរបស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិល ឯ.ក។

ទីតាំងទី២ ទំហំ៥០០ហិកតា ដែលជាព្រៃឧទ្យានសួនសត្វនិងមជ្ឈមណ្ឌល់សង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយមិនបានបង្ហាញឈ្មោះក្រុមហ៊ុន និងអ្នកវិនិយោគឡើយ។ នេះបើតាមលិខិតរបស់លោក តាន់ គឹមសួរ ៕