ភ្នំពេញ៖ លោក នី ណាក់ ដែលគ្រប់គ្នាហៅលោកថា IMan-KH ខណៈលោកគឺជាមនុស្សដែលតែងតែចែករំលែកចំណេះដឹងខាងផ្នែកកសិកម្មដល់ពលរដ្ឋគ្រប់រូបនោះបានប្រកាសបង្កើតសមាគមន៍កសិករខ្មែរ ក្រោយពីលោកបានរួចផុតពីទុកទោសជាប់ពន្ធនាគាររយៈពេល១៨ខែ ដោយលោកត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញកាលពីថ្ងៃសុក្រទី១០ ខែ មិថុនា ឆ្នាំ ២០២២ ។

ជាក់ស្ដែងយោងតាមការបង្ហោះរបស់លោកនៅលើផេកហ្វេសប៊ុកផ្លូវការបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទនឹងបង្កើតសមាគមន៍កសិករខ្មែរ នាពេលឆាប់ៗខាងមុខនេះដោយមានការចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ រួចហើយសមាគមន៍ដើរតួជាអ្នកជួយកសិករលើចំណុច៣ធំៗគឺ ធានាការពារសិទ្ធិកសិករក្នុងការទាមទារតវាជាមួយរាជរដ្ឋាភិបាលដើម្បីប្រយោជន័កសិករ។ បណ្តុះបណ្តាលបច្ចេកទេសកសិកម្មសំខាន់ៗចាំបាច់និងបច្ចេកវិទ្យាថ្មីនៃយុគសម័យកសិកម្មទំនើបដើម្បីផលិតភាពចំណាយថ្លៃដើមទាប។ ស្វែងរកទីផ្សារក្នុងនិងក្រៅប្រទេសជូនសមាជិកភាពរបស់សមាគមន៍ កៀងគរវិន្និយោគទុនល្អៗមករកស៊ីផ្នែកកសិកម្ម។ បើបងប្អូនចាប់អារម្មណ៍អាចចូលរួមជាមួយខ្ញុំបាទនាពេលខាងមុខឆាប់ៗនេះ។ សមាគមន៍ឈរលើគោលការណ៍ឯករាជ្យ មិនបំរើអោយបក្សនយោបាយណាមួយឡើយ។ និ ណាក់ ហ៊ាននិយាយ គឺធ្វើបាន មិនសន្យាខ្យល់ឬធ្វើប្រជាភិថុតឡើយ។ កសិករចង់ចូលរួមត្រូវតែជាកសិករក្លាហាន មានមនសិការជាតិជាធំ សកម្មយ៉ាងស្វាហាប់»។

គួរជម្រាបដែលថា លោក នី ណាក់ គឺជាមនុស្សម្នាក់ដែលមានចំណេះដឹងយ៉ាងទូលំទូលាយទៅលើផ្នែកកសិកម្មដោយកន្លងលោកតែងតែចែករំលែកចំណេះដឹងក៏ដូចជាបទពិសោធន៌ជូនទៅដល់បងប្អូនប្រជាកសិករទូទាំងប្រទេសឲ្យមានការស្វែងយល់បន្ថែម ប៉ុន្តែគួរឲ្យស្ដាយកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០ លោកត្រូវបាន​តុលាការចោទប្រកាន់​ពីបទ «​ជេរប្រមាថ​ជា​សាធារណៈ និង ញុះញង់​អោយមាន​ការរើសអើង​» ព្រមទាំងផ្តន្ទាទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល១៨ខែ ៕