ការរមួលសាច់ដុំ ឬរមួលក្រពើ គឺជារឿងទូទៅមួយដែលមនុស្សជាច្រើនតែងតែជួបប្រទះ ។ ដោយការរមួលក្រពើទាំងអស់នេះត្រូវបានគេដឹងថា វាបណ្ដាលមកពីការកន្ត្រាក់ជាប់តឹងណែននៃសាច់ដុំជាពិសេសនៅកំភួនជើង ឬប្រអប់ជើងដែលអាចបាត់ទៅវិញប៉ុន្មាននាទីក្រោយ។
+ មូលហេតុនៃការរមួលក្រពើមានដូចជា ៖
– សាច់ដុំធ្វើការជ្រុលហួសហេតុពេក
– ការអង្គុយនៅមួយកន្លែងរយះពេលយូរ
– ការឈរឬដើរច្រើន
– ការខ្វះជាតិទឹកក្នុងខ្លួនដោយមិនសូវពិសារទឹក ឬការប្រើថ្នាំបញ្ជុះជាតិទឹក
– ការបែកញើសច្រើន
– ការហាត់ប្រាណប្រើកំលាំងសាច់ដុំខ្លាំងពេក
– មានបញ្ហាជំងឺថ្លើម ជាពិសេសមកពីការពិសារស្រាច្រើន
– មានជំងឺទឹកនោមផ្អែម , ជំងឺវិបិត្តសរសៃបញ្ជាពីខួរក្បាល ( Parkinson disease) , ជំងឺវិបិត្តក្រពេញទីរ៉ុកអ៊ីត
– និងបញ្ហាកង្វះសារជាតិរ៉ែក្នុងរាងកាយជាដើម ។
+ វិធីព្យាបាល ៖
– ហាត់ប្រាណឲ្យបានទៀងទាត់តែកុំហាត់ក្នុងបរិយាកាសក្តៅខ្លាំង អាចជិះកង់ឬរត់តិចៗជាដើម
– ពាក់ស្បែកជើងឲ្យសមល្មមនឹងជើង ជាពិសេសកែងជើងកុំឲ្យចង្អៀតឬរឹតខ្លាំង
– ត្រូវរៀបចំគ្រែដំណេក និងចុងជើងគ្រែឲ្យមានភាពទូលាយកុំឲ្យទើសចុងជើង
– ត្រូវទទួលទានទឹកឲ្យបានច្រើនជាប្រចាំ
– កាត់បន្ថយការទទួលទានស្រានិងកាហ្វេ
– ទទួលទានអាហារ និងបន្លែ ដែលមានផ្ទុកជាតិកាល់ស្យូម , ជាតិប៉ូតាស្យូមខ្ពស់ និងជាតិម៉ាញ៉េស្យូម
– ទទួលទានបន្លែនិងផ្លែឈើ ដែលមានពណ៌បៃតង ពណ៌លឿង ឬក្រហម គ្រាប់ធញ្ញជាតិ ផ្លែចេក និងផ្លែឈើមានផ្ទុកវីតាមីនស៊ី (Vitamin C)
– ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណឲ្យទៀងទាត់
– ពេលរមួកអាចស្អំទឹកក្តៅឧណ្ឌៗ ឬទឹកកក និងលេបថ្នាំបំបាត់ការឈឺចាប់។
ក្នុងករណីធ្ងន់ធ្ងរលោកអ្នកគួរតែទៅមន្ទីរពេទ្យដើម្បីធ្វើការពិគ្រោះជាមួយគ្រូពេទ្យជំនាញ ក៏ដូចជាទទួលការព្យាបាលឲ្យបានត្រឹមត្រូវ៕ពេលរមួលក្រពើម្តងៗគួរតែគិតដល់ហេតុផលទាំងនេះ