លោកអ្នកប្រាកដជាធ្លាប់ឃើញនូវសាច់ដុះតូចៗដែលច្រើនដែលកើតមានឡើងចំពោះមនុស្សចាស់ និងមនុស្សដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ ។ ដោយយើងអាចឃើញសាច់ដុះទាំងអស់នេះ សភាពដូចជាប្រជ្រុយ ឬអាចម៍រុយតូចៗ នៅលើដងខ្លួន ជាពិសេសនៅលើក លេចប៉ោងចេញមកជាប់នឹងសាច់ ដែលមើលទៅដូចជាមានអ្វីមួយនៅជាប់នឹងស្បែក រួមជាមួយពណ៌ខុសៗគ្នាទៅតាមប្រភេទវា ដូចជាពណ៌ខ្មៅ ពណ៌ត្នោត ពណ៌សាច់លឿង និងពណ៌ដូចទឹកតែជាដើម។

សាច់ដុះទាំងអស់នេះមានឱកាសក្នុងការកើតមានទូទៅដូចគ្នាចំពោះបុរស និងស្រ្ដី ប៉ុន្តែជាញឹកញាប់បំផុត គឺច្រើនតែកើតមានចំពោះមនុស្សធាត់ និងមនុស្សចាស់ ។ ហើយសាច់ដុះតូចៗទាំងអស់នេះក៏មិនទាន់ត្រូវបានអ្នកជំនាញណាម្នាក់អាចបកស្រាយបង្ហាញឲ្យបានច្បាស់លាស់ និងជាក់លលាក់អំពីមូលហេតុនៃការបង្កឲ្យកើតមានឡើងផងដែរ ។ ប៉ុន្តែជាធម្មតាវាត្រូវបានគេដឹងថាកើតឡើងនៅតំបន់ដែលមានការកកិតញឹកញាប់ដូចជាក ឬកែងដៃ និងកន្លែងដែលពាក់គ្រឿងអលង្ការដូចជា ក ត្រចៀក កដៃ។ល។

ចំពោះអ្នកដែលកើតមានវា គឺមិនមានបញ្ហាអ្វីនោះទេ គ្រាន់តែវាធ្វើឱ្យស្បែករបស់អ្នកមើលទៅមិនស្អាតតែប៉ុណ្ណោះ ។ ជាមួយគ្នានេះ អ្នកជំនាញបង្ហាញឲ្យដឹងថា វាមិនមែនជាដុំសាច់ដែលបង្កគ្រោះថ្នាក់រហូតដល់ក្លាយទៅជាជំងឺមហារីកតាមវិធីណាមួយ ហើយវាក៏មិនបង្កការឈឺចាប់អ្វីនោះដែរ។
ប៉ុន្តែការសិក្សាស្ថិតិ បានរកឃើញថាសាច់ដុះតូចៗទាំងអស់នេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺធាត់ , ជំងឺទឹកនោមផ្អែមប្រភេទទី 2 និងជំងឺបេះដូងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWpvQGoge-5Mq1pMPoOAD0AumDX1X_yjqqmMmofeIFftzKQyLVpqJ5Rd-IyBK_GVuueWfMDGeHzRUlM6hkmsgFtZwZznVQQE5uBhh8GsjqoOmLGR-Wr4CzVjToCG1Yp3XbTyu2P55Ac6xJDFv1buBA2XxqGG8aSydLQ-2ASph0BWe_YcNhXr1Tvpqx/s765/photo_2022-06-07_13-28-44.jpg