លោក Fábio Joaquim Maciel da Silva គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត រំពឹងមានអ្នកគាំទ្រកម្ពុជាចូលរួមទស្សនាច្រើនសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរវាង កម្ពុជា ជាមួយ ទីម័រខាងកើត នៅថ្ងៃស្អែក ដើម្បីឲ្យកូនក្រុមរបស់លោកស៊ាំនឹងការប្រកួតដែលមានអ្នកទស្សនាច្រើនលើឆាកអន្តរជាតិ។

លោក Fábio da Silva បាននិយាយដូច្នេះថា ៖”ខ្ញុំពិតជារីករាយណាស់ដែលបានមកប្រកួតនៅកម្ពុជា ជាថ្មីម្ដងទៀត។ ការប្រកួតថ្ងៃស្អែកនឹងក្លាយជាការប្រកួតដ៏រំភើបអស្ចារ្យ នឹងក្លាយជាការប្រកួតដ៏ល្អសម្រាប់ក្រុមទាំងពីរ ពីព្រោះអ្នកគាំទ្រនឹងមកទស្សនាផ្ទាល់។ ខ្ញុំសង្ឃឹមថា អ្នកគាំទ្រនឹងមកពេញកីឡដ្ឋាន”។

លោកក៏បានសង្កត់ធ្ងន់ទៀតថា “ការប្រកួតនីមួយៗគឺខុសគ្នា។ យើងមិនអាចនិយាយទុកមុន។ ការប្រកួតថ្ងៃស្អែកគឺជាការប្រកួតដ៏សំខាន់ ហើយពិតណាស់កម្ពុជា ជាក្រុមដែលមានតាក់ទិចល្អ មិនថាគ្រូបង្វឹកនៅដដែល ខ្ញុំឃើញរឿងខ្លះដែលគេបានផ្លាស់ប្ដូរ ប៉ុន្តែយើងបានរៀបចំរួចរាល់សម្រាប់ការប្រកួត”។

សូមបញ្ជាក់ថា ការប្រកួតរវាង កម្ពុជា ជាមួយ ទីម័រខាងកើត នាវេលាម៉ោង ៧យប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕