ភ្នំពេញ៖ តារាចម្រៀង យក់ ឋិតរដ្ឋា និងស្វាមី កាលពីពេលថ្មីៗនេះហាក់បីដូចជាកំពុងតែជួបរឿងអយុត្តធម៌ពាក់ព័ន្ធនឹងករណីដីធ្លី ដែលអ្នកទាំង២ កំពុងទាមទារឲ្យច្បាប់មេត្តាជួយរកដំណោះស្រាយឲ្យពួកគាត់ប្រកបដោយប្រសិទ្ធភាព ខណៈគេឃើញមានការចោទសួរទាំង អ្នកនាង យក់ ឋិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត ថាមានរឿងអ្វីបានជាស្រែកដង្ហើយរកយុត្តិធម៌បែបនេះ ? ឬដីអ្នកទាំងពីរមានបញ្ហាហ្មង..?

បើតាមសំណេររបស់អ្នកនាង ពីថ្ងៃម្សិលមិញនេះបានបង្ហោះនៅលើហ្វេសប៊ុកថា «ខ្ញុំដឹងថាខ្ញុំគ្មានលុយកាក់ច្រើនដូចអ្នកឯងដើម្បីតតាំងជាមួយអ្នកឯង តែខ្ញុំនឹងស៊ូឱ្យដល់ទីបញ្ចប់ បើទោះជាខ្ញុំត្រូវដើរខ្ចីបុលលុយកាក់គេក៏ដោយ គឺខ្ញុំប្រើភាពស្មោះត្រង់របស់ខ្ញុំតែមួយមុខគត់ អ្នកឯងហែលទឹកភ្នែកខ្ញុំមិនរូចទេ បាបកម្មមានពិត»។ រីឯសំណេររបស់លោក ឃុំ ប៉ុណ្ណាដែត នៅលើហ្វេសប៊ុកក៏បានទម្លាយថា «សូម្បីតែលុយទិញទឹកដោះគោកូន​ និងទិញម្ហូបក៏ត្រូវទៅខ្ចីពីមិត្តភក្រ្តដែរ​ »។

តាមសំណេរទាំងពីរនេះ ធ្វើឱ្យមហាជនដាក់ការសង្ស័យថា អ្នកទាំងពីរអាចនឹងជាប់គាំងរឿងដី និងកំពុងមានការប្ដឹងផ្ដល់គ្នា ដើម្បីរកដំណោះស្រាយ ព្រោះមួយរយៈកាលមុននេះ គេឃើញលោក ឃុំ ប៉ុណ្ណាដែត និងយក់ ឋិតរដ្ឋា លូកដៃយ៉ាងជ្រៅក្នុងគម្រោងការលក់អចនៈទ្រព្យដីឡូតិ៍។ បើតាមសំណេរលោក ឃុំ ប៉ុណ្ណាដែត នៅលើហ្វេសប៊ុកនាថ្ងៃម្សិលមិញនេះ បានបញ្ជាក់ថា «ទ្រាំទៅប្រពន្ធសម្លាញ់​ មាស​សុទ្ធមិនខ្លាចភ្លើង​ វាជាលើកទីមួយក្នុងជីវិតរបស់ពួកយើងហើយ»។

ជាមួយគ្នានោះដែរ គេឃើញអ្នកនាង យក់ ឋិតរដ្ឋា ទម្លាយទៀតថា ៖ «គេបំពាននឹងចោទទាំងយើងអត់មានបានខុសអីសោះ អយុតិធម៌ណាស់ហេតុអីលោកអើយ»។ យ៉ាងណាមិញ អ្នកទាំងពីរមិនបានបង្ហើបប្រាប់មហាជនថាមានបញ្ហាអ្វីកំពុងកើតឡើងឱ្យពិតប្រាកដនោះទេ ៕