នៅប្រទេសគេ មិនថា អាមេរិក ជប៉ុន ឬ ប្រទេសចិនទេ គេតែងតែបង្រៀនកូនរបស់គេអោយរៀនស្វែងយល់ពីសត្វ ភាគច្រើនគេតែងតែទិញពងសត្វមេអំបៅទៅចិញ្ចឹម ដើម្បីអោយកូនក្មេងស្វែងយល់ពីការវិវត្តិ៍របស់សត្វមេអំបៅ ព្រោះថាមេអំបៅជាសត្វមួយដែលមានចំណុចពិសេសជាងសត្វល្អិតដទៃ ក្នុងការប្រែខ្លួនជាសត្វមួយថ្មី។ ពងមេអំបៅ មានការវិវត្តន៍ ៤ ដំណាក់កាលធំៗ ទម្រាំក្លាយជាមេអំបៅ។

ដឹងហើយមែនទេ? ថាសត្វមេអំបៅ 90 % មានជីវិតខ្លី ខ្លះមានអាយុត្រឹមតែមួយថ្ងៃ ហើយភាគច្រើន គឺរស់បានដល់អាយុ ១៤ ថ្ងៃ។ រយៈពេលជាសត្វដង្កូវ មានពេលវេលាវែងណាស់ មុននឹងក្លាយជាមេអំបៅ។ ទោះវាដឹងថា ក្រោយប្រែក្លាយជាមេអំបៅ មិនយូរប៉ុន្មាន ក៏ដល់វេលាត្រូវអស់ជីវិត តែខ្ញុំជឿថា សត្វដង្កូវវានៅតែប៉ង ប្រែកាយទៅជាសត្វមេអំបៅក្នុងគ្រាមួយអោយទាល់តែបាន។

ការវិវត្តន៍ពីពងដង្កូវទៅជាសត្វមេអំបៅ បានផ្តល់ន័យអប់រំដ៏ល្អ មួយដល់មនុស្ស “មិនថាជីវិតមួយនេះខ្លីយ៉ាងណា! តែយើងត្រូវប្រឹងប្រែងរស់រហូតដល់ឃើញ គោលដៅនៃទីបញ្ចប់នៃជីវិត។”។
ខាងក្រោមនេះ ជាមេរៀនជីវិតដែលយើងគួររៀនពីសត្វមេអំបៅ៖

១- មនុស្សយើងគ្រប់គ្នាប្រៀបបានដូចជាសត្វមេអំបៅដែល កំពុងតែលូតលាស់នូវសមត្ថភាពនិងជំនាញដែលយើងមាន ហើយយើងនឹងកាន់តែមានភាពរីកចម្រើនឡើង ប្រសិនបើយើងហ៊ានចាប់យកឱកាសដើម្បីសាកល្បងនូវសមត្ថភាពនិងជំនាញទាំងអស់ដែលយើងមាននោះ។

២- ថ្ងៃនេះយើងត្រឹមតែជាដង្កូវ តែចំពោះថ្ងៃស្អែក យើងនឹងក្លាយទៅជាមេអំបៅជាក់ជាពុំខាន។ ចូរអ្នកកុំទាន់អាលអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់ សូម្បីតែខ្លួនអ្នកផង ដែលអាចមើលដឹងថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងនោះឡើយ ដូច្នេះអ្នកគួរតែគិតពីរឿងដែលផ្ដល់មកឱ្យជីវិតអ្នកនូវសុទិដ្ឋិនិយម។

៣- ជីវិតប្រៀបបានដូចជាមេអំបៅ អ្នកត្រូវឆ្លងកាត់នូវការផ្លាស់ប្ដូរជាច្រើនដំណាក់កាល មុនពេលដែលអ្នកនឹងទទួលបាននូវភាពស្រស់បំព្រងមកក្នុងជីវិត ព្រោះថាគ្មានដំណាក់កាលណាមួយដែលស្ថិតនៅជានិរន្តរ៍នោះទេ។

៤- តើយើងត្រូវធ្វើបែបណា ទើបអាចប្រែក្លាយទៅជាមេអំបៅមួយក្បាលបាន? ត្រង់ចំណុចនេះ អ្នកត្រូវតែមានការតាំងចិត្តយ៉ាងមុតមាំថា អ្នកពិតជាចង់ហោះហើរដោយមានសេរីភាព និងលែងចង់ធ្វើជាដង្កូវតទៅទៀតហើយ។ ឆន្ទៈដែលប្រកបដោយភាពជឿជាក់និងមុតមាំមួយនេះ គឺជាជំហានដំបូងបំផុតនៃការលូតលាស់ដើម្បីអាចក្លាយទៅជាមេអំបៅមួយបាន៕