រដ្ឋធានីកាប៊ូល៖ របបគ្រប់គ្រងតាលីបង់ បានចាប់ផ្ដើមចេញបទបញ្ជាថ្មី ដោយតម្រូវឲ្យស្រ្ដីអាហ្វហ្គានីស្ថានទាំងអស់ ត្រូវតែបិទមុខ ខណៈផ្សាយតាមទូរទស្សន៍។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ថា បន្ទាប់ពីបទបញ្ជានេះ ត្រូវបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ មក មានតែសារព័ត៌មានមួយចំនួនតូចប៉ុណ្ណោះ បានអនុវត្ត។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ ទី២២ ខែឧសភា ពិធីការិនីអាហ្វហ្គានីស្ថាន ភាគច្រើន បានបិទមុខ ក្រោយពេលក្រសួងលើកកម្ពស់គុណធម៌របស់តាលីបង់ បានចាប់ផ្តើមអនុវត្តក្រឹត្យនេះ។

ក្រសួងព័ត៌មាន និងវប្បធម៌ នៃរបបគ្រប់គ្រងតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ធ្លាប់បានប្រកាសថា គោលការណ៍នេះ «ឈានដល់ដំណាក់កាលចុងក្រោយ ហើយមិនអាចចរចាបានទេ»។

តាលីបង់ ធ្លាប់គ្រប់គ្រង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន លើកទី១ ចន្លោះពីឆ្នាំ១៩៩៦-២០០១ ហើយត្រូវបានសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត បណ្ដេញចេញពីអំណាចម្ដងរួចមកហើយ។ ប៉ុន្ដែក្រោយពេលសហរដ្ឋអាមេរិក បានសម្រេចចិត្តដកកងទ័ព ចេញពីប្រទេសអាស៊ីកណ្ដាលមួយនេះ ទើបតាលីបង់ មានឱកាសជាថ្មី បានដណ្ដើមអំណាច ពីរដ្ឋាភិបាលរបស់លោក អាស្រ្វាហ្វ ហ្គានី (Ashraf Ghani ) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ហើយឡើងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន សាជាថ្មី។

របបតាលីបង់ នៅក្នុងការគ្រប់គ្រង លើកទី១ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានប្រើប្រាស់ច្បាប់ដ៏តឹងរឹងបំផុត ប្រឆាំងនឹងស្រ្ដី។ ប៉ុន្ដែនៅពេលនេះ ពួកគេបានចេញច្បាប់ថ្មី ដាក់កំហិតដល់ស្រ្ដីអាហ្វហ្គានីស្ថាន ជាពិធីការិនីទាំងអស់ ត្រូវតែបិទមុខ នៅក្នុងការផ្សាយ តាមបណ្ដាញទូរទស្សន៍។

ពិធីការិនី នីយ៉ានី (Niazi) បានថ្លែងថា «ច្បាប់ថ្មីនេះ មិនអាចទាយទុកជាមុនបាន សម្រាប់ពិធីការិនីអាហ្វហ្គានីស្ថានទាំងអស់ ព្រោះសាសនាអ៊ិស្លាម មិនបានបញ្ជាឱ្យយើងបិទមុខរបស់យើងនោះឡើយ»៕We'll use our voice': Female Afghan TV hosts vow to fight after new burqa rule | The Times of Israel