រដ្ឋធានីគៀវ៖ ស្របពេលកម្លាំងទាហានរុស្ស៊ី កំពុងតែបង្កើននូវការវាយលុក ចូលក្នុងទីក្រុងសេវេរ៉ូដូណែតស្ក៍ (Severodonetsk) នៃតំបន់លូហាន់ស្ក៍ (Luhansk) នោះ ក្រុងគៀវ បានច្រានចោលនូវបទឈប់បាញ់គ្នា ឬ ការផ្ដល់សម្បទានទឹកដីណាមួយ ដល់ក្រុងមូស្គូ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ថា ក្រុងគៀវ បានច្រានចោលនូវបទឈប់បាញ់ ឬសម្បទានទឹកដីណាមួយ ទៅដល់ក្រុងមូស្គូ ខណៈរុស្ស៊ីបានបង្កើននូវការវាយប្រហារ នៅក្នុងតំបន់ភាគខាងកើត និង ភាគខាងត្បូង ប្រទេសអ៊ុយក្រែន។ ឥឡូវនេះ កម្លាំងទាហានរុស្ស៊ី កំពុងតែបង្កើនការវាយលុក តាមផ្លូវអាកាស និង បាញ់ផ្លោងស្រោច ទៅលើតំបន់ដុនបាស់ (Donbas) និង មីកូឡេវ (Mykolaiv) ។

ដោយឡែក គោលជំហររបស់ក្រុងគៀវ កាន់តែមានភាពមិនចុះសម្រុងគ្នា នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈរុស្ស៊ីបានបរាជ័យផ្នែកយោធា ស្របពេលមន្ត្រីអ៊ុយក្រែន មានការព្រួយបារម្ភថា ពួកគេអាចត្រូវរងសម្ពាធ ឱ្យលះបង់ទឹកដី សម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួនឹងក្រុងមូស្គូ។

ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានបញ្ជាឲ្យកងទ័ព វាយលុក ចូលទៅទឹកដីអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៣ ខែឧសភា សង្គ្រាមនេះ បាន និង កំពុងតែបង្កនូវមហាវិនាសកម្មយ៉ាងខ្លាំង នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ ហើយជនស៊ីវិល ជាង៦,៥លាននាក់ បានរត់ភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ។ ប៉ុន្ដែនៅក្នុងចំណោមជនភៀសខ្លួនទាំងនោះ ភាគច្រើនជាស្រ្ដី កុមារ និង មនុស្សចាស់ជរា។ ដោយឡែក បុរសមានអាយុចាប់ពី១៨ដល់៦០ឆ្នាំ ត្រូវស្ថិតក្នុងប្រទេស ដើម្បីជួយការពារទឹកដី ទប់ទល់នឹងកម្លាំងទាហានរុស្ស៊ី៕