ប្រទេសចិន៖ ស្នេហា មិនប្រកាន់អាយុ ឬលក្ខខណ្ឌ ឱ្យតែមានចិត្តស្រឡាញ់គ្នា ទោះមានឧបសក្គអ្វីក៏នៅតែមិនអាចបំបែកពួកគេបាននោះទេ ជាក់ស្ដែងដូចជារឿងរ៉ារបស់នារីម្នាក់បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីនាងបានជួបស្នេហ៍ពិត ដោយលង់ស្រឡាញ់គ្នាជាមួយនឹងកូនប្រុសរបស់មិត្តភ័ក្តិរបស់ខ្លួនឯងរហូតរៀបការនឹងគ្នាបានរយៈពេល២ឆ្នាំមកហើយ។

រឿងរ៉ាងដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍នេះផងដែរបានក្លាយជា ប្រធានបទដ៏រសើបសម្រាប់អ្នកលេងក្នុងបណ្ដាញសង្គមបន្ទាប់ពីនារីជនជាតិចិនមានវ័យ៤២ឆ្នាំ បានលង់ស្នេហ៍ជាមួយនឹងកូនប្រុសរបស់មិត្តភ័ក្តិខ្លួនឯងដែលគេមានអាយុ២៧ឆ្នាំ។ ក្នុងនោះពួកគេទាំងពីរមិនមែនជាមនុស្សដែលទើបតែស្គាល់គ្នានោះទេ តែនៅពេលដែលនាងមានអាយុ២០ ក៏បានជួបជាមួយនឹងបុរសរូបនោះតាំងពីគេមានអាយុ៨ឆ្នាំ ដែលត្រូវជាកូនរបស់មិត្តភ័ក្តិស្និទ្ធស្នាលរបស់នាង។ ទោះជាយ៉ាងណាបន្ទាប់ពីនោះមកនាងក៏បានរៀបការនិងមានគ្រួសារ ប៉ុន្លែព្រោះតែការរស់នៅមិនចុះសម្រុងក៏បានលែងលះគ្នាវិញ ក្រោយមកទៀតកន្លងហួសអស់រយៈពេល ២០ឆ្នាំ នាងក៏បានទាក់ទងមកមិត្តសម្លាញ់និងធ្វើការទំនាក់ទំនងគ្នាទៅមកមិនដែលដាច់ រហូតនារីម្នាក់នោះចាប់ផ្ដើមមានទំនាក់ទំនងល្អជាមួយកូនប្រុសមិត្តភ័ក្កិខ្លួនរហូតឈានដល់ស្នេហា។ ទន្ទឹមនឹងនោះមិត្តរបស់នាងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានថាមិត្តភ័ក្តិអាចក្លាយជាកូនប្រសារខ្លួនទៅវិញ ប៉ុន្តែគេមិនបានហាមឃាត់អ្វីនោះទេ ព្រោះយល់ពីចិត្តអ្នកទាំងពីរ រហូតពួកគេព្រមព្រៀងរៀបការជាមួយគ្នាបានរយៈពេលពីរឆ្នាំមកហើយ។

ក្រឡេកទៅមើលរូបសម្រស់របស់ពួកគេវិញ បើទោះបីមានអាយុខុសគ្នាក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរពិតជាសមគ្នាជាខ្លាំង ស្ទើរតែមើលមិនដឹងថានារីម្នាក់នោះមានអាយុច្រើន ព្រោះនាងពិតជាស្រស់ស្អាត និងមើលទៅពិតជាក្មេងជាងវ័យ៕ ប្រភព៖ Khaosod