រដ្ឋធានីគៀវ៖ ស្របពេលប្រទេសចំនួន៤០ នឹងចូលរួមជាក្រុមទំនាក់ទំនងផ្ដល់ជំនួយយោធា ដល់ប្រទេសអ៊ុយក្រែន នោះ ប្រធានាធិបតី ហ្សេឡែនស្គី កំពុងតែទារលុយ ពីរុស្ស៊ី ជុំវិញសង្គ្រាមរបស់លោក វ៉្លាឌីមៀរ ពូទីន។

សារព័ត៌មាន DW បានចេញផ្សាយ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា ក្រុងគៀវបានដាក់សំណើជាផ្លូវការរួចរាល់ ដើម្បីទទួលបានសំណងហិរញ្ញវត្ថុ សម្រាប់សង្គ្រាមនេះ។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ក៏បានថ្លែងថា ប្រទេសចំនួន៤០ នឹងចូលរួមជាមួយក្រុមទំនាក់ទំនងផ្ដល់ជំនួយយោធា ជួយដល់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។

នៅក្នុងអំឡុងពេលថ្លែងតាមវីដេអូ ប្រចាំរាត្រី លោក ហ្សេឡែនស្គី បានបញ្ជាក់ កាលពីល្ងាច ថ្ងៃសុក្រ ទី២០ ខែឧសភា ថា អ៊ុយក្រែន និង សម្ព័ន្ធមិត្តរបស់ខ្លួន បានស្នើសុំជាផ្លូវការនូវកិច្ចព្រមព្រៀងមួយ សម្រាប់ទទួលបានសំណងហិរញ្ញវត្ថុ ពីប្រទេសរុស្ស៊ី ជុំវិញការខូចខាត បង្កឡើង ដោយកម្លាំងទាហានរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា រុស្ស៊ីបានជំរុញឲ្យបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសអ៊ុយក្រែន ឱ្យបានច្រើន តាមតែអាចធ្វើទៅបាន។ កិច្ចព្រមព្រៀងនេះ នឹងដោះស្រាយកង្វល់ អំពីសំណង និង ធ្វើឲ្យប្រាកដ ដល់បណ្ដាប្រទេសណាមួយ ដែលរៀបចំផែនការឈ្លានពាន ដោយយោធា មិនអាចគេផុតពីសំណងនេះឡើយ។
បើតាមលោក ចន ឃឺប៊ី (John Kirby) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានឲ្យដឹងថា ក្រសួងការពារជាតិសហរដ្ឋអាមេរិក កំពុងតែរៀបចំកិច្ចប្រជុំ តាមវីដេអូខន់ហ្វេរ៉ែន សម្រាប់ក្រុមពាក់ព័ន្ធនឹងអ៊ុយក្រែន ជាមួយនឹងប្រទេសចំនួន៤០ ដោយរំពឹងថា នឹងចូលរួមព្រឹត្តិការណ៍ រៀបចំដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin)៕