រដ្ឋធានីប៊ែរឡាំង៖ ក្រោយពេលមានសេចក្ដីរាយការណ៍ ពីសហរដ្ឋអាមេរិក រៀបចំគម្រោង វាយកម្ទេចកងនាវារបស់កម្លាំងទាហានជើងទឹករបស់រុស្ស៊ី នៅក្នុងសមុទ្រខ្មៅនោះមក អាល្លឺម៉ង់ គ្រោងនឹងបញ្ជូនរថក្រោះប្រឆាំងនឹងយន្ដហោះចម្បាំង ទៅជួយដល់ប្រទេសអ៊ុយក្រែន ផងដែរ។

សារព័ត៌មានរបស់អាល្លឺម៉ង់ DW បានផ្សាយ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ថា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បានបញ្ជាក់ថា រថក្រោះប្រឆាំងនឹងយន្តហោះ នឹងត្រូវប្រើប្រាស់ សម្រាប់ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសអ៊ុយក្រែន បញ្ចៀសពីការវាយប្រហាររបស់រុស្ស៊ី។

អ្នកនាំពាក្យ ក្រសួងការពារជាតិអាល្លឺម៉ង់ បានបញ្ជាក់ កាលពីថ្ងៃសុក្រ ទី២០ ខែឧសភា ថា អ៊ុយក្រែន នឹងទទួលបានរថក្រោះជេផាដ «Gepard» ប្រឆាំងនឹងយន្តហោះ ចំនួន១៥ ពីក្រុងប៊ែរឡាំង នៅក្នុងខែកក្កដា ឆ្នាំ២០២២។Weapons of Ukrainian Victory: German Gepard Self-Propelled AA Gun

បើតាមទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានរាយការណ៍ថា ក្រុងប៊ែរឡាំង នឹងដឹកជញ្ជូនរថក្រោះ ប្រឆាំងនឹងយន្ដហោះចម្បាំង ជាលើកដំបូង ទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងខែកក្កដា ឆ្នាំ២០២២។ ចំណែកការបញ្ជូនគ្រឿងសព្វាវុធទាំងនេះ បានព្រមព្រៀងគ្នា តាមរយៈការចរចាគ្នា រវាងរដ្ឋមន្រ្ដីក្រសួងការពារជាតិអាល្លឺម៉ង់ និង សមភាគីអ៊ុយក្រែន ដោយរាប់បញ្ចូលទាំងការហ្វឹកហ្វឺន និង គ្រាប់រំសេវជិត ៦០ ០០០គ្រាប់ ផងដែរ។

រថក្រោះ Gepard (ជេផាដ) របស់អាល្លឺម៉ង់ ត្រូវបានចាត់ទុកថា វាមានប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រឆាំងនឹងយន្តហោះចម្បាំង ដែលហោះនៅក្នុងកម្ពស់ទាបៗ ហើយក៏អាចវាយប្រហារទៅលើគោលដៅនៅលើដីបន្ថែមទៀតផង។ រថក្រោះទាំងនេះ ត្រូវបានដកហូត ចេញពីកម្លាំងទាហានអាល្លឺម៉ង់ នៅក្នុងអំឡុងឆ្នាំ២០១២ ប៉ុន្ដែត្រូវបានកែលម្អឡើងវិញ ដោយក្រុមហ៊ុន KMW សម្រាប់យកជួយដល់អ៊ុយក្រែន នៅក្នុងសង្គ្រាមនេះ។

សារព័ត៌មាន Hindu Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ថា ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ ដោយដកស្រង់សម្តីរបស់មន្ត្រីសេតវិមាន និងប្រភពពីសមាជិកសភា ថា សហរដ្ឋអាមេរិក កំពុងតែធ្វើការ ដើម្បីចាប់ផ្តើម ផ្តល់កាំជ្រួចដ៏ទំនើប ប្រឆាំងនឹងនាវាចម្បាំង បញ្ជូនទៅកាន់ទីក្រុងគៀវ (Kyiv) ដែលអាចបង្ខំឱ្យរុស្ស៊ី ដកថយចេញពីសមុទ្រខ្មៅ ស្ថិតក្នុងទឹកដីរបស់អ៊ុយក្រែន។

លោក អេនតុន ហែរ៉ាស់សែនកូ (Anton HErashchenko) ទីប្រឹក្សារបស់រដ្ឋាភិបាលអ៊ុយក្រែន បានបញ្ជាក់ នៅលើបណ្ដាញសង្គមធ្វីធើរ ថា «មធ្យោបាយ ប្រកបដោយប្រសិទ្ធភាព មានតែអ៊ុយក្រែន គ្រប់គ្រងលើនាវាចម្បាំងរបស់រុស្ស៊ី ដោយការបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក ឱ្យរៀបចំផែនការ បិទកំពង់ផែ។ ចំណែកការផ្ដល់អាវុធប្រឆាំងនឹងនាវាចម្បាំងដ៏មានអានុភាពខ្លាំង អាចបាញ់បាន ចន្លោះពី២៥០ទៅ៣០០គីឡូម៉ែត្រ ក៏កំពុងតែពិភាក្សា ផងដែរ។

ដោយឡែក ទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេស ធ្លាប់អះអាងថា កងទ័ពជើងទឹករបស់រុស្ស៊ី មាននាវាចម្បាំង និង នាវាមុជទឹក សរុបប្រហែល២០គ្រឿង កំពុងតែប្រតិបត្ដិការ នៅក្នុងសមុទ្រខ្មៅ។ ជាមួយនឹងការអះអាងបែបនេះ ចក្រភពអង់គ្លេស ក៏បានបញ្ជូនមីស៊ីលប្រឆាំងនឹងនាវាចម្បាំង មីស៊ីលប្រឆាំងនឹងយន្ដហោះ ហើយមីស៊ីលប្រឆាំងនឹងរថក្រោះ ទៅជួយដល់កងទ័ពអ៊ុយក្រែន៕Flakpanzer Gepard - Wikipedia