អន្តរជាតិ៖ ការលុកលុយនៅអ៊ុយក្រែន ត្រូវបានអ្នកវិភាគនៅលើទូរទស្សន៍រដ្ឋរុស្ស៊ី ពណ៌នាថា គ្រាន់តែជា “ការហាត់សម” សម្រាប់សង្គ្រាមលោក ដែលកាន់តែធំជាងនេះប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យ Alexei Fenenko ដែលជាអ្នកស្រាវជ្រាវឈានមុខ នៅវិទ្យាស្ថានសិក្សាសន្តិសុខអន្តរជាតិ បានអះអាងថា ជម្លោះនាពេលអនាគតអាចជាជម្លោះប្រឆាំងនឹងអង្គការណាតូ។

មកទល់ពេលនេះ វិមានក្រឹមឡាំងមិនទាន់ពណ៌នាជាផ្លូវការថាជម្លោះនៅអ៊ុយក្រែន គឺជាសង្រ្គាមនោះទេ ជំនួសមកវិញដោយអះអាងថាជា “ប្រតិបត្តិការយោធាពិសេស”។

បណ្តាសារព័ត៌មាននៅក្នុងប្រទេសរុស្ស៊ី ត្រូវបានគ្រប់គ្រងដោយរដ្ឋ ហើយកម្រនឹងងាកចេញពីអ្វីដែលវិមានក្រឹមឡាំងចង់ឲ្យពួកគេនិយាយណាស់។

ទោះបីជាយ៉ាងណាក៏ដោយ ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយ លើទូរទស្សន៍ Russia-1 នៅសប្តាហ៍នេះ លោក Fenenko បានប្រើពាក្យ “សង្រ្គាម” ហើយលើកឡើងថា រឿងនេះនឹងមកដល់។

លោក​និយាយ​ថា “​សម្រាប់​​យើង សង្គ្រាម​នៅ​អ៊ុយក្រែន​គឺ​ជា​ការ​ហាត់​សម​។ យើងនឹងសាកល្បង និងប្រៀបធៀបអាវុធរបស់ណាតូទៅនឹងរបស់យើង យើងនឹងរៀនសូត្រនៅលើសមរភូមិថាតើអាវុធរបស់យើងខ្លាំងជាងអាវុធរបស់ណាតូប៉ុនណា។ នេះអាចជាបទពិសោធន៍សិក្សាសម្រាប់ជម្លោះនាពេលអនាគត”។

ការ​លើក​ឡើង​របស់​លោក Fenenko បាន​កើត​ឡើង​បន្ទាប់​ពីប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់​ ​ដាក់​ពាក្យ​ចូល​ជា​សមាជិកអង្គការ​ណាតូ។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃចន្ទទី១៦ ខែឧសភាថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់សម្ព័ន្ធភាពនេះទៅក្នុងប្រទេសណាមួយ នឹងបង្ខំឲ្យទីក្រុងមូស្គូមានប្រតិកម្ម​ ៕