រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ ការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែន បានធ្លាក់ចុះ ប្រហែល៦៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

សារព័ត៌មាន Interfax បានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ថា ក្រសួងកសិកម្ម បានអះអាងថា រហូតមកដល់ខែឧសភា ការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែន បានធ្លាក់ចុះ៦៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។

អ៊ុយក្រែន បាននាំចេញគ្រាប់ធញ្ញជាតិ ចំនួន ៦៤៣ ០០០តោន ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី ១៩ ខែឧសភា ដោយបង្កើនល្បឿន នៃការនាំចេញគ្រាប់ធញ្ញជាតិ ចំនួន ៣៤៤ ០០០តោន ត្រូវបានបញ្ជូនទៅកាន់ទីផ្សារក្រៅប្រទេស នៅក្នុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី១២-១៩ ខែឧសភា ធៀបនឹង២៩៩ 000តោន កាលពីថ្ងៃទី១-១២ ខែឧសភា។

ក្រសួងគោលនយោបាយកសិកម្ម និង ស្បៀងអាហាររបស់អ៊ុយក្រែន បានសរសេរ នៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ថា សន្ទុះការនាំចេញគ្រាប់ធញ្ញជាតិ នៅដើមខែឧសភា ឆ្នាំ២០២២ ទាបជាង២,៨ដង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈគ្រាប់ធញ្ញជាតិ ចំនួន១,៨លានតោន ត្រូវបាននាំចេញ ចន្លោះពីថ្ងៃទី១-១៩ ខែឧសភា ឆ្នាំ ២០២១។

ចាប់តាំងពីដើមឆ្នាំទីផ្សារ ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២២ ដោយគិតត្រឹម ថ្ងៃទី ១៩ ខែឧសភា អ៊ុយក្រែនបាននាំចេញគ្រាប់ធញ្ញជាតិ ចំនួន ៤៦,៥១លានតោន ស្មើនឹងជាង ១៣,៨ភាគរយ ច្រើនជាងតួលេខ សម្រាប់កាលបរិច្ឆេទដូចគ្នា កាលពីឆ្នាំមុន។ នេះជាការរកើនឡើង ដោយសារតែការប្រមូលផលប្រចាំឆ្នាំ និង ការនាំចេញកើនខ្ពស់ រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ។ ប៉ុន្ដែចន្លោះពីឆ្នាំ២០១៩-២០២០ អ៊ុយក្រែន បាននាំចេញគ្រាប់ធញ្ញជាតិ ចំនួន៥៦,៧២លានតោន៕