ខេត្តរតនគិរី៖ ផ្ទះសម្បែងប្រជាពលរដ្ឋជាង១០០ខ្នង ត្រូវបានរងការខូចខាតយ៉ាងដំណំ ក្រោយក្រុមហ៊ុនចំការចេកឈ្មោះ ហ័ងអាញ់ វៀតណាម បានស្តុបទឹកទុកមិនប្រយ័ត្នបណ្ដាលឲ្យបាក់ទំនប់ជន់លិច។ ហេតុការណ៌នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។

បើតាមលោក សេក ហៃ អភិបាលស្រុកកូនមុំបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះថា ពិតជាមានករណីទឹកជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋប្រាកដមែន ប៉ុន្តែទឹកជំនន់ដែលធ្វើឲ្យលិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ មិនមែនដូចទឹកជំនន់ជន់លិចរៀងរាល់ឆ្នាំនោះទេ វាគ្រាន់តែជាការបាក់ទំនប់របស់ក្រុមហ៊ុនចំការចេកដោយសារក្រុមហ៊ុនបានស្តុបទឹកទុក ប៉ុន្តែដោយសារមេឃមានភ្លៀងខ្លាំងប៉ុន្មានថ្ងៃនេះ ទើបទឹកបុកបាក់ទំនប់ ជាហេតុធ្វើឲ្យទឹកហូរគ្របមកលិចផ្ទះសម្បែងរបស់ប្រជាជន។

លោកអភិបាលស្រុកបានបន្តទៀតថា ត្រឹមតែ២ម៉ោងប៉ុណ្ណោះទឹកក៏ស្រកទៅវិញអស់ ហើយប្រជាពលរដ្ឋអត់មានប៉ះពាល់អ្វីនោះទេ ព្រោះអាជ្ញាធរស្រុក ឃុំ ជាមួយកម្លាំងប្រដាប់អាវុធបានចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋទាន់ពេល មិនឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ពួកគាត់នោះទេ គ្រាន់តែខួចខាតផ្ទះសម្បែងជាង១០០ផ្ទះ និងសម្ភារៈមួយចំនួនប៉ុណ្ណោះ។

ដោយឡែកលោក សេក ហៃ បានបន្ថែមទៀតថា ជុំវិញករណីនេះ លោកនឹងឲ្យជំនាញធ្វើការស្រង់ស្ថិតិឲ្យបានជាក់លាក់ និងស្នើសុំទៅខាងកាកបាទក្រហមជួយជាជំនួយដល់ពួកគាត់ និងពិភាក្សាជាមួយក្រុមហ៊ុនដើម្បីឲ្យក្រុមហ៊ុនជួយពួកគាត់រកទីទួលមានសុវត្ថិភាពដើម្បីសាងសង់លំនៅដ្ឋានជូនពួកគាត់​ ៕

សូមពលរដ្ឋអញ្ជើញទស្សនាវីដេអូដូចខាងក្រោម៖