ខេត្តសៀមរាប៖ ដីធ្លីនៅតែជាបញ្ហាប្រឈមធំជាងគេនៅក្នុងឃុំត្បែង។ នេះបើយោងទៅតាមលទ្ធផលនៃវេទិកាសាធារណៈរវាងរដ្ឋបាលស្រុក ជាមួយនឹងបងប្អូនប្រជាពលរដ្ឋមកពីភូមិទាំង៨ នៅក្នុងឃុំត្បែងទាំងមូល។ តែភាគច្រើនគឺ ជាការវាតទីកាប់ទន្ទ្រានដីរដ្ឋ ហ៊ុមព័ទ្ធធ្វើរបងដោយខុសច្បាប់ និងព្យាយាមតវ៉ា ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតែប៉ុណ្ណោះ ចំណែកឯវិវាទដីធ្លីផ្សេងៗទៀត រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ឬឯកជននិងឯកជន ត្រូវបានដោះស្រាយបញ្ចប់ជាបន្តបន្ទាប់ និងនៅសល់ក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhywl3ZsQ4GXLrLPE0JgEHJlF55lr9wuGlvrziWS-Sh1mhhOUwa14PLVtjz-6DD_249W1aK-zJ_vKg2F3vAQpLHvvWeCUyQaaslHVwtPu_DSCUNP2vV9WH2gR94GEJplBFDA2xqr7uIUBeNQL_0Vd2uSjELItKqJzyWMvimGVLkgyPxWZYHzHhMhg-1/s1280/photo_2022-05-20_14-25-55%20(2).jpg

ត្បែង គឺជាឃុំចំណាស់ជាងគេមួយនៅក្នុងស្រុកបន្ទាយស្រី ដែលប្រជាជនមានទំនៀមទម្លាប់ប្រពៃណីអត្តសញ្ញាណរបស់ខ្លួនច្បាស់លាស់ មានផ្ទៃដីធំល្វឹងល្វើយ និងពោរពេញទៅដោយសក្តានុពលទាំងផ្នែកទេសចរណ៍ និងកសិកម្ម ជាពិសេស ដោយសារឃុំនេះមានទីតាំងភូមិសាស្ត្រ ស្ថិតនៅជាប់នឹងជើងភ្នំគូលែនតែម្តង ដែលជាហេតុធ្វើឱ្យមានគម្រោងអភិវឌ្ឍន៍ទាំងរដ្ឋ និងឯកជនជាច្រើន បាននិងកំពុងតែរីកដុះដាលនៅក្នុងតំបន់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgDiE58x-KhtbESsuDwWlR8DIGgbkmo-uWJtSOoN04vVPc79iIaqlwHC4AxZKReDLxOAayAwg2V53DYpMAeRo8Hx33D_9ZHBcS9ob9KmVaTOpMc7XwRD6CQgkxN38pBfDBPYhZQGeOkx5ybxSe3CpI8Y5Lwrwp_UuUo2NLdbrt9128Y-bo5wNb1g9d/s1280/photo_2022-05-20_14-25-55.jpg

ជីវភាពរបស់អ្នកត្បែង មានភាពធូរធារជាងមុនច្រើនក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារចរន្តសេដ្ឋកិច្ចនៅក្នុងឃុំ ការងារនិងមុខរបរថ្មីៗ ដែលកើតចេញពីការវិនិយោគនៃវិស័យឯកជន ក៏ដូចជាកំណើននៃវិស័យទេសចរណ៍ និងកសិទេសចរណ៍ផងដែរ។ ដីធ្លី ក៏ឡើងថ្លៃខ្លាំងជាងមុន ដែលមួយផ្នែកណាមួយនោះ ក៏ជាហេតុបង្កឱ្យមានទំនាស់ ក៏ដូចជាជំរុញឱ្យមានការតវ៉ាលើដីដែលបានទន្ទ្រានកាន់កាប់ ដោយខុសច្បាប់រឹតតែខ្លាំង ហើយដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋានត្រូវពង្រឹងការអនុវត្តច្បាប់ និងការគោរពច្បាប់បន្ថែមទៀត ដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់សង្គម សម្រាប់ការអភិវឌ្ឍយូរអង្វែង និងប្រកបដោយចីរភាពរបស់ឃុំត្បែង ទាំងមូល៕