ហ្វីលីពីន៖ មានអគ្គីភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅតំបន់អនាធិបតេយ្យក្បែរកំពង់ផែមួយកន្លែងក្នុងប្រទេសហ្វីលីពីន​ជាលទ្ធផល ផ្ទះជាង ១០០ ខ្នងត្រូវបានបំផ្លាញហើយជាង ៣០០ គ្រួសារផ្សេងទៀតត្រូវបាន ជម្លៀសចេញទាំងកណ្តលយប់។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នាថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២ ។

យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះនៅតំបន់អនាធិបតេយ្យនៃកំពង់ផែមួយកន្លែងដែលមានឈ្មោះថា Bazeco របស់ទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃទី ១៩ ខែឧសភាកន្លងទៅនេះ ដែលក្នុងនោះត្រូវបានគេដឹងថាមា​នផ្ទះជាង ១០០ខ្នង ត្រូវបានបំផ្លាញ និងឆេះតៗគ្នា ហើយគ្រួសារជាង ៣០០ គ្រួសារត្រូវបានគេជម្លៀសឱ្យចាកចេញទាំងកណ្ដាលយប់ទៅនៅក្នុងទីជម្រកបណ្តោះអាសន្ន ហើយការឆាបឆេះនេះត្រូវបានគេប៉ាន់ស្មានថាមានការខូចខាតប្រហែល ៦ម៉ឺនដុល្លារជាង។

ក្នុងនោះលោក Isco Moreno អភិបាលក្រុងម៉ានីល បានបង្ហោះសារតាម Facebook ដោយបានបញ្ជាក់ថា អាជ្ញាធរក្រុងម៉ានីលកំពុងតែពន្លឿនការពង្រីកជំនួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយអគ្គីភ័យមួយនេះ ព្រមទាំងបញ្ជូនក្រុមអ្នកជួយសង្គ្រោះ ដើម្បីជួយមនុស្ស និងស្វែងរកអ្នកបាត់ខ្លួនក្នុងទឹក ជុំវិញកន្លែងគ្រោះថ្នាក់នេះផងដែរ។  ទោះជាយ៉ាងណាចំនួនពិតប្រាកដនៃអ្នករបួសនៅមិនត្រូវបានគេបញ្ជាក់នៅឡើយទេ ហើយមូលហេតុនៃការឆេះនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕ ប្រភព៖ Thairath