ភ្នំពេញ៖ ដូចដែលមហាជនបានស្គាល់ច្បាស់រួចមកហើយថា អ្នកឧកញ៉ា សុខ គង់ គឺជាអ្នកជំនួញដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជា បាននិងកំពុងវិនិយោគលើគម្រោងរាប់ពាន់លានដុល្លារ ។

ងាកមកមើលសកម្មភាព ក៏ដូចជាការរស់នៅប្រចាំថ្ងៃ របស់មហាសេដ្ឋីស្រុកខ្មែររូបនេះ ក៏ត្រូវបានគេដឹងថា បើទោះជាលោកមានទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារយ៉ាងណាក៏ដោយ ក៏លោកនៅតែប្រើជីវិតសាមញ្ញៗ ។ ប៉ុន្តែថ្មីៗនេះ មហាជនបានចាប់អារម្មណ៍ខ្លាំងទៅលើផ្ទះលំហែថ្មីរបស់លោកមួយកន្លែងនៅលើភ្នំបូកគោ ដែលមើលទៅប្រៀបបានដូចជាវិមានយ៉ាងដូច្នេះដែរ ។

ជាក់ស្ដែងយោងតាមការបង្ហោះរបស់ផេកផ្លូវការសុខាអចលនទ្រព្យ Sokha Real Estate នៅលើបណ្ដាញសង្គមហ្វេសប៊ុកបានរៀបរាប់ឲ្យដឹងថា៖​ «ពិធីឡើងភូមិគ្រឹះថ្មីអ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ គឹម ឡេង នៅលើកំពូលភ្នំបូកគោ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២២ ក្នុងនោះក៏មានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន២៦៨អង្គផងដែរ។

ជាមួយគ្នានេះដែរយើងក៏បានឃើញមានការបង្ហាញរូបភាពជាងសាមសិបសន្លឹកដែលជាសកម្មភាពធ្វើពិធីក្នុងការឡើងភូមិគ្រឹះថ្មី ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងបណ្ដាថ្នាក់ដឹកនាំ អ្នកជំនួញមានមុខមាត់ផ្សេងៗទៀតជាច្រើននាក់ផងដែរ។

លើសពីនេះទៅទៀតអ្វីដែលជាទីគួរកត់សម្គាល់នោះគឺបង្ហាញរូបភាពទាំងមូលនៃភូមិគ្រឹះលាតសន្ធឹងនៅលើផ្ទៃដីភ្នំយ៉ាងធំល្វឹងល្វើយ ដែលប្រៀបបានបីដូចជាវិមានដែលមានកិត្យានុភាពដ៏អស្ចារ្យដោយខាងក្នុងមានការរចនាឡើងជាមួយនឹងក្បូរក្បាច់ជាច្រើន រួមទាំងគ្រឿងសង្ហារឹមមានតម្លៃជាច្រើន ចំណែកខាងនៅខាងក្រៅផ្ទះមានអមជាមួយនឹងបឹងនៅខាងស្ដាំដៃ អមជាមួយនឹងផ្លូវធ្វើដំណើរចូលមកខាងក្នុងផ្ទះជាច្រើនខ្វាត់ខ្វែង។

គួររំលឹកដែលថា ទីក្រុងបូកគោ បាននិងកំពុងបន្តប្រែមុខមាត់ថ្មី ក្រោយមានការអភវិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប មានទាំងការសាងសង់ផ្លូវថ្មី ការកែច្នៃតំបន់ទេសចរណ៍ និងអភិវឌ្ឍវិស័យចលនទ្រព្យជាដើម ដើម្បីត្រៀមទទួលអ្នកវិនិយោគ និងភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ក្រោយចប់វិបត្តិកូវីដ-១៩ ៕