ខេត្តព្រះសីហនុ ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងក្រុមសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា នៅខេត្តព្រះសីហនុ ចំនួន៩៣៣នាក់ កាលពីព្រឹកថ្ងៃ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
បានប្រាប់ដល់បងប្អូនរត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងអស់ សូមជួយរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ ពេលឃើញមុខសញ្ញាចោរឆក់ ចោរលួចតាមដងផ្លូវ និងទីសាធារណៈ ។

ក្នុងពិធីសំណេះសំណាល ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាកសម្តេចតេជោ ហ៊ុន សែន ជូនចំពោះសមាជិកក្រុមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងក្រុមសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាទាំងអស់ ដែលមានវត្តមានក្នុងថ្ងៃនេះ និងជូនពរឱ្យបងប្អូនរកទទួលទានមានបានទាំងអស់គ្នា ទន្ទឹមនឹងនេះ យើងក៏ត្រូវចូលរួមការពារសន្តិភាព ដើម្បីបង្កើតមុខរបររបស់យើងបន្ថែមទៀត។ ឯកឧត្ដមបានមានប្រសាសន៍បន្តថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះប្រធានក្រុមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងក្រុមសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នៅខេត្តព្រះសីហនុ ដែលបានគ្រប់គ្រង និងរៀបចំចាត់ចែងឱ្យមានការជួបជុំដើម្បីយើងមានឱកាសធ្វើពិធីសំណេះសំណាលក្នុងថ្ងៃនេះ។
ឯកឧត្តមគួច ចំរើន បន្តថា សម្តេច តេជោ ហ៊ុន សែន បានខិតខំរំដោះប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ននេះ ព្រមទាំងបានបង្កើតការងារជូនបងប្អូន ពិសេសយុវជនរបស់យើង ឱ្យមានការងារបង្កើនចំណូល កាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្ដែងនៅខេត្តព្រះសីហនុ សម្ដេចតេជោបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលជាច្រើន ប្រកបដោយសោភ័ណភាព និងបរិស្ថានល្អ។ ហើយការអភិវឌ្ឍទាំងនេះ គឺជួយបង្កើតការងារជូនយុវជនយើងកាន់តែច្រើនបន្ថែមទៀត និងបង្កើតផលរបរជូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់ឱកាសឱ្យបងប្អូនប្រកបមុខរបរម៉ូតូឌុប ម៉ូតូកង់បីផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនរត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងអស់ សូមជួយរាយការណ៍ករណីប្រទះឃើញមុខសញ្ញាចោរឆក់ ចោរលួចតាមដងផ្លូវ និងទីសាធារណៈ តាមរយៈលេខទូរស័ព្ទ Hot Line របស់នគរបាល ០៣១ ៣៧ ៤៩ ៨៤៨/០៩៧ ៧៧ ៨០ ០០៨ ដើម្បីសមត្ថកិច្ចចេញអន្តរាគមន៍ទាន់ពេលវេលា គឺមានតែយើងចូលរួមទាំងអស់គ្នា ដើម្បីឱ្យខេត្តយើង ក្រុងយើងគ្មានអំពើលួចឆក់។ ក្នុងករណីភ្ញៀវមានការជ្រុះរបស់នៅលើម៉ូតូរបស់ខ្លួន សូមជួយប្រគល់ជូនម្ចាស់គេវិញផង ដែលទង្វើនេះគឺបានស្តែងចេញពីគុណធម៌ និងគុណតម្លៃរបស់បងប្អូន ព្រមទាំងបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្ដៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តរបស់យើងកាន់តែច្រើនឡើង ហើយបងប្អូនក៏អាចរកចំណូលបានពីមុខរបរនេះ កាន់តែយូរអង្វែងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJEOyFNc6h0dUeY9sQxqtZ9RR2ooYDClGuWieT2tJ4egPbu-LAPcWgXWQVcfYwog5ZkahaIw2W0mBJbXby4bjq08QRphtXXoNS6F_90mP5w7icNg3ZbVflUFemsD1YrO66DzHTL_khW6rAZee7N9T-RvQTZbmPtQnfuenElbyqQknZVI7-_GHddFQB/s733/photo_2022-05-20_09-31-07.jpg