ភ្នំពេញ៖​ លោក ពេជ្រ វិជ្ជាធរ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៨ខែឧសភាឆ្នាំ ២០២២ នេះបានបើកសវនាការជំនុំជម្រះលើជនជាប់ចោទឈ្មោះ សារុន វិធុរ៉ាក់ អតីតថៅកែស្ថានីយ៍ប្រេងPTT ពាក់ព័ន្ធនិងករណីចេញសែកស្អុយជាង១០ម៉ឺនដុល្លារអាមេរិក ពេលបញ្ចប់សវនាការលោកចៅក្រមសម្រេចកំណត់យកថ្ងៃទី១ខែមិថុនាឆ្នាំ២០២២ ដើម្បីធ្វើការប្រកាសសាលក្រម។

ជនជាប់ចោទឈ្មោះ សារុន វិធុរ៉ាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនកាលពីថ្ងៃទី១៩ធ្នូឆ្នាំ២០២១ បន្ទាប់ពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនខ្លួនទៅតុលាការកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ពាក់ពន្ធពីបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន ពោលគឺចេញសែកស្អុយប្រមាណជាង១០ម៉ឺនដុល្លារ ។

ជនជាប់ចោទមានវ័យ៤៣ ឆ្នាំ មុខរបរ អតីតជាថៅកែស្ថានីយប្រេងPTT ដែលមានទីតាំងស្ថិតនៅម្តុំ រង្វង់មូលគួរស្រូវ ក្នុងសង្កាត់ព្រែកកំពឹង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនជាប់ចោទត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ តាមបណ្តឹងរបស់ជនរងគ្រោះ ពាក់ពន្ធចេញសែកស្អុយលើទឹកប្រាក់ជាង១០ ម៉ឺនដុល្លារអាមេរិក។

សូមរម្លឹកថា ជនជាប់ចោទឈ្មោះ សារុន វិធុរ៉ាក់និងបក្ខ ពួកបានប្រើពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងបរិវេណស្ថានីយប្រេងរបស់ខ្លួន ដោយចោទថា គ្រូបង្រៀនរូបនោះ បានចូលទៅអុកឡុក និងលួចថតរូបស្ត្រីនៅក្នុងបន្ទប់ទឹក ៕