រដ្ឋធានីគៀវ៖ វិទ្យាស្ថានសិក្សាពីសង្គ្រាម បានអះអាងថា អាជ្ញាធរគ្រប់គ្រង ដោយរុស្ស៊ី នៅក្នុងតំបន់ដូណែតស្ក៍ (Donetsk) បានអះអាងថា ពួកគេមានគម្រោងបំផ្លាញរោងចក្រដែកថែបអាហ្សូវស្ដាល់ (Azovstal) និង ប្រែក្លាយទីក្រុងម៉ារីយ៉ូប៉ូល (Mariupol) ទៅជាទីក្រុងរមណីយដ្ឋាន ក្រោយពេលកងទ័ពក្រុងមូស្គូ រឹបអូសបាន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ថា វិទ្យាស្ថានសិក្សាពីសង្គ្រាម បានបញ្ជាក់ នៅក្នុងការវាយតម្លៃចុងក្រោយរបស់ខ្លួនថា «មុនការផ្ទុះសង្គ្រាមនោះ រោងចក្រដែកថែបអាហ្សូវស្តាល់ (Azovstal) ជាចំណុចដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចរបស់ទីក្រុងម៉ារីយូប៉ូល។

វិទ្យាស្ថាននេះ បានបន្ថែមថា លោក ដេនីស ភូស៊ីលីន (Denis Pushilin) ប្រធានសាធារណរដ្ឋប្រជាមានិតដូណែតស្ក៍ ហៅកាត់ DNR ដែលប្រកាស ដោយខ្លួនឯង ថា DNR មានគោលបំណងចង់កសាងឡើងវិញ នៅក្នុងទីក្រុងម៉ារីយូប៉ូល ឲ្យក្លាយទៅជាទីក្រុងរមណីយដ្ឋាន ព្រោះហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុង ប្រហែល៦០ភាគរយ ត្រូវបានបំផ្លិចបំផ្លាញអស់ ហើយពួកគេក៏មិនអាចកសាងរោងចក្រនេះឡើងវិញដែរ។

វិទ្យាស្ថានសិក្សាពីសង្គ្រាម បានបន្ដថា «ផែនការប្រកាសប្រែក្លាយទីក្រុង Mariupol ទៅជាមជ្ឈមណ្ឌលទេសចរណ៍ និង កន្លែងកម្សាន្តនោះ បានកើតឡើង បន្ទាប់ពីមជ្ឈមណ្ឌលសកម្មភាពសេដ្ឋកិច្ចដ៏សំខាន់របស់ទីក្រុង បានរងនូវការខូចខាត ដោយសារកងទ័ពរុស្ស៊ី៕